(ដូហា)៖ ជំនួបប្រកួតរវាងក្រុមជម្រើសជាតិទឹកក្រូចហូឡង់ ទល់នឹងសេណេហ្គាល់ ចាប់ផ្តើមហើយនាម៉ោង ១១យប់ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា) ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នាកីឡដ្ឋាន Al Thumama ស្ថិតក្នុងទីក្រុង Doha ប្រទេសកាតា។

នេះការប្រកួតលើកទី៣ ក្នុងចំណោម ៦៤ប្រកួត និងជាការប្រកួតបញ្ចប់ជុំទី១ ផងដែរនៃវគ្គសន្សំពិន្ទុប្រចាំពូល A បន្ទាប់ពីម្ចាស់ផ្ទះកាតាបានចាញ់អេក្វាឌ័រនៅថ្ងៃបើកឆាកម្សិលមិញ។

ទាំងក្រុមនៅអឺរ៉ុប ហូឡង់ និងក្រុមមកពីទ្វីបអាហ្រ្វិក សេណេហ្គាល់ ពុំធ្លាប់ឈ្នះពាន World Cup នេះដូចគ្នា ប៉ុន្តែហូឡង់ ដែលដឹកនាំដោយគ្រូបង្វឹក Louis van Gaal ធ្វើបានល្អជាង ពោលគឺរងជើងឯក ៣ដងនៅ World Cup 1974, 1978 និងចុងក្រោយក្នុងឆ្នាំ២០១០ នៅពេលចាញ់អេស្ប៉ាញ ១ទល់នឹង០ ក្នុងម៉ោងថែមនៅប្រទេសអាហ្រ្វិកខាងត្បូង៕