(ដូហា)៖ ហូឡង់ បានដាក់អ្នកចាំទី ដែលមិនធ្លាប់ជាប់លេងក្នុងក្រុមជម្រើសជាតិ Andries Noppert ចូលទៅក្នុងក្រុមជម្រើសដំបូងរបស់ពួកគេ សម្រាប់ការប្រកួតជម្រុះក្នុងពូល A នៅព្រឹត្តិការណ៍ World Cup នាថ្ងៃចន្ទនេះ ប៉ះក្រុមសេណេហ្គាល់ ខណៈសេណេហ្គាល់ បានដាក់កីឡាករ​ Krepin Diatta ជំនួសខ្សែប្រយុទ្ធ Sadio Mane, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ លោក Louis van Gaal បានជ្រើសរើសយកកីឡាករ Noppert បើទោះបីជាអ្នកចាំទីរូបនេះ មិនធ្លាប់លេងលក្ខណៈអន្តរជាតិក៏ដោយ។

សម្រាប់ក្រុមម្ចាស់ពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក សេណេហ្គាល់ បានសម្រេចដាក់កីឡាករ Diatta ជំនួសឲ្យ Mane ដែលមានរបួស លើផ្នែកខាងឆ្វេង នៃទម្រង់ប្រយុទ្ធរបស់ពួកគេ លេងជាមួយនឹងខ្សែប្រយុទ្ធ Boulaye Dia នៅឯកីឡដ្ឋាន Al Thumama Stadium របស់កាតា។

សេណេហ្គាល់ មានកីឡាករចំនួន ៩រូបដែលមកពីក្រុមដណ្តើមបានពានរង្វាន់ Africa Cup of Nations នៅក្នុងក្រុមជម្រើសដំបូងរបស់ពួកគេ៕