(ដូហា)៖ ៤ប្រកួតបន្តបន្ទាប់នារាត្រីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកានេះនៅព្រឹត្តិការណ៍ FIFA World Cup 2022 មានគូអាហ្សង់ទីន ប៉ះគូប្រជែងអារ៉ាប៊ីសាអូឌីត ចាប់ផ្តើមនាម៉ោង ៥ល្ងាចមុនគេ។

អាហ្សង់ទីន ដែលជាជើងឯករងកាល World Cup 2014 នៅប្រទេសប្រេស៊ីលនោះ នឹងប្រកួតបើកឆាកពូល C ដោយត្រូវប៉ះក្រុមចេញពីអាស៊ី អារ៉ាប៊ីសាអូឌីតនាម៉ោង ៥៖០០នាទីល្ងាចថ្ងៃអង្គារនេះ (ម៉ោងនៅកម្ពុជា) ធ្វើឡើងនៅកីឡដ្ឋាន Lusail Iconic ស្ថិតក្នុងទីក្រុង Lusail ប្រទេសកាតា នៅមុនពេលមិចសិច ជួបប៉ូឡូញដែលស្ថិតក្នុងពូលជាមួយគ្នានាម៉ោង ១១យប់នៅឯទីលាន Stadium 974 ស្ថិតក្នុងទីក្រុង Doha។

ដូចគ្នានោះដែរ សម្រាប់ឯពូល D វិញ គឺដាណឺម៉ាកត្រូវប៉ះទុយនេស៊ី នាម៉ោង ៨យប់នេះ ពោលគឺក្រោយពេលចប់ការប្រកួតរវាងអាហ្សង់ទីន ទល់នឹងអារ៉ាប៊ីសាអូឌីតបាន ១ម៉ោងប៉ុណ្ណោះ និង ១ប្រកួតទៀតលេងឆ្លងថ្ងៃ គឺជាការជួបគ្នារវាងអូស្ត្រាលី ទល់នឹងក្រុមការពារតំណែងជើងឯក មាន់គកបារាំងនាម៉ោង ២រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា។

រូបមន្តប្រកួតបន្តអនុវត្តន៍ដដែល ពោលគឺក្រុមឈ្នះ ទទួលបាន ៣ពិន្ទុ ស្មើ ១ពិន្ទុ និងចាញ់ ០ពិន្ទុ នៃកម្មវិធីប្រកួត World Cup 2022 ជំនាន់ទី២២ នេះនៅប្រទេសកាតាតែមួយគត់៕