(កណ្ដាល)៖ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានទីតាំងស្ថិតនៅវត្តព្រះឥន្ធសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល បានត្រៀមខ្លួនរួចជាស្រេចជាមួយសាស្ត្រាចារ្យជំនាញឯកទេសជាង១០០នាក់ ដែលសុទ្ធសឹងតែជា សាស្ត្រាចារ្យកម្រិតបណ្ឌិតមានបទពិសោធន៍ចាប់ពី ២០ឆ្នាំ ទៅ៣០ឆ្នាំ ពោរពេញទៅដោយបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតឧត្តមសិក្សារួមជាមួយការប្តេជ្ញាចិត្តអស់ពីកម្លាំងកាយពល ដាក់ចិត្តក្នុងការ បណ្ដុះបណ្ដាលកូនខ្មែរឲ្យក្លាយទៅជាធនធានមនុស្សដែលមានកម្រិតខ្លាំង។

សាស្ត្រាចារ្យជាង១០០នាក់ ត្រូវបានប្រកាស និងបង្ហាញមុខនៅក្នុងពិធីប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំសាកលវិទ្យាល័យព្រះមហាសង្ឃរាជ បួរ គ្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះអភិសេរីសុគន្ធា ព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតបួរគ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុទ្ធកន្និកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យព្រះមហាសង្ឃរាជបួរ គ្រី កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ស្ថិតក្នុងឱកាសនេះ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា ព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានសង្ឃដីកាថា គិតមកដល់ពេលនេះ រយៈពេល១ខែហើយដែលសាកលវិទ្យាល័យ បានចាប់ផ្ដើមទទួលពាក្យឲ្យចូលសិក្សាគឺមានសិស្សជាង៥០០នាក់ហើយ ដែលបានមកទិញពាក្យយកទៅហើយ និងមានជាង ១០០នាក់ បានដាក់ពាក្យចូលសិក្សានៅសាកលវិទ្យាល័យនេះ។

សាកលវិទ្យាល័យមានសាស្ត្រាចារ្យជំនាញៗ ដែលមានបទពិសោធន៍បង្រៀនចាប់ពី ២០ឆ្នាំ ទៅ៣០ឆ្នាំ សុទ្ធសឹងតែជាសាស្ត្រាចារ្យដែលមានកម្រិតសិក្សាថ្នាក់បណ្ឌិតសុទ្ធតែជាបញ្ញវន្តសុទ្ធតែជាអ្នក ប្រាជ្ញបានចូលមកជាគ្រូបង្រៀន នៅសាកលវិទ្យាល័យនេះ ជាមួយនឹងការរៀបចំបទដ្ឋានបច្ចេកទេសដោយក្រសួងអប់រំផ្ទាល់តែម្ដង ដូច្នេះការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យមានបទពិសោធន៍ឆ្អិនឆ្អៅ។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា បានសង្ឃដីកាបន្តថា សូមសិស្សនិស្សិតដែលមានបំណងចង់មកបន្តការសិក្សាថ្នាក់ឧត្តមសិក្សាអញ្ជើញរួសរាន់ មកទទួលពាក្យដើម្បីទទួលបានឱកាសក្នុងការសិក្សា ដែលឥតគិតថ្លៃពោលគឺ សាកលវិទ្យាល័យទទួលសិស្សមានកម្រិតត្រឹម១ពាន់នាក់ប៉ុណ្ណោះ ខណៈដែលការប្រឡងមធ្យមសិក្សាទុតិភូមិនឹងខិតជិតមកដល់នេះ ដូច្នេះសាកលវិទ្យាល័យរំពឹងទុកថា នឹងមានសិស្សនិស្សិតមកចុះឈ្មោះយ៉ាងច្រើនកុះករ ព្រោះការសិក្សាគឺមិនគិតថ្លៃនោះទេ គ្រាន់តែបរិច្ចាកជាវិភាគទាន៤ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែកម្រិតនៃការបណ្ដុះបណ្ដាលគឺស្របតាមស្តង់ដារជាតិ ដែលមានសាស្ត្រាចារ្យពោរពេញទៅដោយបទពិសោធន៍ បានដាក់ចិត្តដាក់កាយក្នុងការ បណ្ដុះបណ្ដាលបង្រៀនអស់ពីចិត្ត ហើយក៏ជាប្រវត្តិសាស្ត្រមួយផងដែរ ដែលសាកលវិទ្យាល័យដែលត្រូវឡើងដោយគណៈសង្ឃបានលេចចេញជារូបរាងឡើងបែបនេះ «ក្រោមម្លប់សន្តិភាព» ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

ស្ថិតនៅក្នុងពិធីប្រកាសនេះ សម្ដេចព្រះអភិសេរីសុគន្ធាព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតបួរគ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុទ្ធកន្និកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យព្រះមហាសង្ឃរាជ បួរ គ្រី បានមានសង្ឃដីកាថា ប្រទេសជាតិត្រូវការមនុស្សដែលមានចំណេះដឹងដូច្នេះចំណេះដឹងនេះហើយជាស្ពានចម្លងឱ្យទៅអនាគតភ្លឺស្វាង និងចូលរួមក្នុងការកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនឡើង។ ដូច្នេះសិស្សនិស្សិតទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រឡើង ទាល់តែមានការខិតខំប្រឹងប្រែងរៀនសូត្រទើបយើងមានចំណេះដឹងនៅក្នុងខ្លួន ហើយការដែលមានចំណេះដឹងនេះហើយ ដែលនាំឲ្យមានភាពថ្លៃថ្នូរ និងអាចជួយឲ្យប្រទេសជាតិរីកចម្រើនបាន។

សូមជម្រាបជូនថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នឹងបើកបវេសនកាលនៅពាក់កណ្ដាលឬចុងខែមករាឆ្នាំ២០២៣ខាងមុខនេះ ជាមួយនឹងការចូលសិក្សាដោយឥតគិតថ្លៃ ខណៈដែលសិស្សនិស្សិតទាំងអស់ចូលរួម បរិច្ចាគវិភាគទាន ត្រឹមតែ ៤ ម៉ឺនរៀលតែប៉ុណ្ណោះក្នុង១ខែ៕