(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា iPhone 15 ជំនាន់ថ្មីរបស់ Apple ដែលគ្រោងចេញលក់នៅឆ្នាំក្រោយនេះ នឹងចេញមកជាមួយការផ្លាស់ប្តូររចនាបថបែបថ្មីសន្លាង ដោយបំពាក់នូវតួទីតានីញ៉ូម ជាមួយនឹងគែមខាងក្រោយរាងមូលជំនួសឱ្យរូបរាងជ្រុងបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមអ្នកប្រើប្រាស់ Twitter ដែលមានគណនីឈ្មោះ ShrimpApplePro បានឱ្យដឹងថា Apple កំពុងរៀបចំផែនការផ្លាស់ប្តូរការឌីហ្សាញដ៏ធំសម្រាប់ត្រកូល iPhone 15 របស់ខ្លួនជាមួយនឹងគែមខាងក្រោយមានរាងមូល ប៉ុន្តែគែមខាងមុខនៅរក្សារូបរាងដើមដែលមានរាងជ្រុងដដែល ដែលវាមើលទៅស្រដៀងនឹង iPhone 5C ជំនាន់មុនអ៊ីចឹង។ ជាមួយនឹងការផ្លាស់ប្តូរតួខ្លួនជាមួយនឹងការបំពាក់ទីតានីញ៉ូមនេះត្រូវបានគេរំពឹងថា iPhone 15 នឹងកាន់តែស្រាលជាម៉ូដែលមុនៗរួមជាមួយនឹងការចាប់កាន់ពេញដៃល្អដែលវាទំនងជាអាចទាក់ចិត្តអ្នកប្រើប្រាស់បានច្រើនផងដែរ។

យ៉ាងណាមិញបើតាមការលេចធ្លាយពីគណនីខាងលើនេះ ទំនងជាអាចទៅរួចព្រោះកន្លងមកម៉ូដែល MacBook និង Mac mini របស់ Apple មានរូបរាងស្រដៀងទៅនឹងរចនាបថនេះរួចទៅហើយ ដូច្នេះគម្រោងផ្លាស់ប្តូរបស់ Apple ក៏អាចនឹងមកត្រកូល iPhone ក៏ថាបាន៕