(ភ្នំពេញ)៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសអន្ដរជាតិ លើកទី១ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមសរុប ២៥នាក់ ដើម្បីពង្រឹងសមត្ថភាព ទាំងអាជ្ញាកណ្ដាល-ចៅក្រម ត្រៀមរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ពិសេសត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC, NOCC និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា។ វគ្គនេះបង្រៀនដោយគ្រូឧទ្ទេសអន្ដរជាតិ លោក Yong Joo Liaw សមាជិកប្រតិបត្តិសហព័ន្ធកីឡាលើកទម្ងន់អន្ដរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នេយ៍ ដោយសិក្សាលើប្រធានសំខាន់ៗចំនួន១០ ផ្សេងគ្នា។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អសម្រាប់សិក្ខាកាម ក្នុងការសិក្សាស្វែងយល់ពីក្បួនច្បាប់ថ្មីៗនៃកីឡាលើកទម្ងន់អន្ដរជាតិ ដើម្បីយកមកអនុវត្ត និងអភិវឌ្ឍន៍វិស័យកីឡាលើកទម្ងន់នៅកម្ពុជា។ លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីដុសខាត់សមត្ថភាព និងវិវឌ្ឍន៍ខ្លួនពីមន្ដ្រីបច្ចេកទេសកម្រិតជាតិ ទៅជាមន្ដ្រីបច្ចេកទេសអន្ដរជាតិ ហើយមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចូលរួមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ៕