(ភ្នំពេញ)៖ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានចាប់ផ្ដើមដំណើរការការប្រកួតរបស់ខ្លួន នៅក្នុងការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០២២ ហើយ ដោយមានក្រុមកីឡាការិនី ៤ក្រុមចូលរួម គ្រាដែលនាយកបច្ចេកទេសសហព័ន្ធលោក Sharma Manish រំពឹងថា នឹងចម្រាញ់បានធនធានកីឡាការិនីជម្រើសជាតិបន្ថែមទៀត ក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ។

នាយកបច្ចេកទេសដដែលបន្ដថា ដោយសារពេលវេលាខ្លី សហព័ន្ធបានរៀបចំការប្រកួតគ្រិកឃីតផ្នែកនារីប៉ុណ្ណោះ ខណៈផ្នែកបុរស ពុំមានក្នុងការប្រកួតកីឡាជាតិឆ្នាំនេះឡើយ។ យ៉ាងណាក្ដីលោកពិតជាសប្បាយចិត្ត ដែលឃើញក្រុមកីឡាការិនីចូលរួមបានបង្ហាញសមត្ថភាពយ៉ាងល្អ ហើយលោកសង្ឃឹមថា ពួកគេនឹងក្លាយជាធនធានបន្ដវេនដ៏សំខាន់សម្រាប់សហព័ន្ធទៀតផង។

សម្រាប់បេក្ខភាពចូលរួមការប្រកួតកីឡាគ្រិកឃីត ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះរួមមានក្រុមមកពីខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដែលក្រុមទាំង៤ នឹងត្រូវធ្វើការប្រកួតវិលជុំចាប់ពីថ្ងៃទី២២ ខែវិច្ឆិកានេះតទៅ។ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុម នឹងត្រូវជួបនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាស និងប្រាក់ ខណៈក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នាដណ្ដើមមេដាយសំរឹទ្ធ៕