(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ សិស្សានុសិស្សកម្ពុជាជាច្រើនរូបទៀតហើយ បានទទួលជោគជ័យ លើការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធីដ៏ធំ The World Scholar's Cup លើជុំប្រកួត Tournament of Champion នាទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានសិស្សានុសិស្សមកពីប្រទេសជុំវិញពិភពលោក ចូលរួមជាង ៦០ប្រទេស។ ក្នុងនោះសិស្សានុសិស្ស សាលាអន្តរជាតិ វើលដ៍កម្ពុជា (WISC) បានបង្ហាញពីសមត្ថភាពអស្ចារ្យរបស់ខ្លួន និងដណ្តើមបានមេដាយមាសចំនួន ៩គ្រឿង និងប្រាក់ចំនួន ៣គ្រឿង ធ្វើបានដោយសិស្សឈ្មោះ Seng Eric មេដាយមាសចំនួន៤ និងមេដាយប្រាក់ចំនួន២ ដោយសិស្សឈ្មោះ Pheun Ratha មេដាយមាសចំនួន៣ និង សិស្សឈ្មោះ Keang SongHeng មេដាយមាសចំនួន២ និងមេដាយប្រាក់ចំនួន១។

កម្មវិធីប្រកួតប្រជែងខាងលើនេះ ត្រូវបែងចែកជាក្រុម ហើយវិញ្ញាសារប្រឡងរួមមាន៖ Team Debate, Collaborative Writing, Scholar's Challenge និង Scholar's Bowl វិញ្ញាសារឆ្នាំនេះត្រូវបានរៀបចំ និងផ្តោតលើ Topics of exploration from Science & Technology To Edit a Planet, Special Area Mistakes & Recoveries, Social Studies Out with the Old History, The History of Succession, Art & Music, Second Chances, Second Glances, Literature & Media Reboots, Sequels, and Reconsiderations will be drawn from this year’s World Scholar’s Cup theme, A World Renewed។

លោកស្រី សាយ សោភា ស្ថាបនិក និងអគ្គនាយិកាសាលា បានឲ្យដឹងថា ការប្រកួតប្រជែងជុំសកល នៅវគ្គផ្តាច់ព្រ័ត្រនោះ សិស្សានុសិស្សត្រូវឆ្លងកាត់លើវិញ្ញាសាលំបាកៗ ជាច្រើន តែសិស្សានុសិស្ស របស់សាលាអន្តរជាតិ វើលដ៍ កម្ពុជា (WISC) អាចធ្វើបានដោយភាពជឿជាក់ ហើយប្អូនៗពិតជាមានចំណេះដឹង ប្រកបដោយសមត្ថភាពខ្ពស់ ទេពកោសល្យ មានការអំណត់ព្យាយាម និងការប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានសមិទ្ធិផលគួរជាទីគាប់ចិត្ត។

លោកស្រីបញ្ជាក់ថា «ក្នុងនាមខ្ញុំជាស្ថាបនិក និងអគ្គនាយិកាសាលា សូមសម្តែងការកោតសរសើរដល់ប្អូនៗទាំងអស់ តំណាងឲ្យសាលាអន្តរជាតិ វើលដ៍ កម្ពុជា (WISC) ក៏ដូចតំណាងឲ្យប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជ័យលាភី មេដាយមាស។ តាមរយៈសមិទ្ធិផលទាំងនេះបានបង្ហាញទៅកាន់សកលលោកទាំងមូលថា ខ្មែរអាចធ្វើបាន ខ្មែរមានក៏សមត្ថភាពបណ្តុះបណ្តាលធនធានល្អៗបានផងដែរ»

ខ្មែរយើងគឺពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមប្រកួតប្រជែងកម្រិតពិភពលោក ជាមួយបណ្តាប្រទេសធំៗជាច្រើនលើសកលលោក ហើយក៏បានឃើញយ៉ាងច្បាស់ថា សមត្ថភាពរបស់កូនខ្មែរពិតជាមានភាពរីកដុះដាលខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

តាមរយៈសមទ្ធិផលទាំងនេះ បានបង្ហាញឱ្យឃើញថា សិស្សានុសិស្សកម្ពុជា ពិតជាមានសមត្ថភាពពេញលេញ ព្រមទាំងទទួលបាន ឱកាសប្រកួតប្រជែងសមត្ថភាពលំដាប់ពិភពលោក។ ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ពិតជាធ្វើឲ្យមាតាបិតា លោកគ្រូ អ្នកគ្រូ មានមោទនភាពជាខ្លាំង ហើយសមិទ្ធផលដែលទទួលបានលើកនេះ អាចជាកម្លាំងចិត្តដ៏សំខាន់សម្រាប់សិស្សានុសិស្សឲ្យកាន់តែប្រឹងប្រែង និងស្វាហាប់បន្ថែមទៀត៕