(ដូហា)៖ អ្នកគាំទ្របាល់ទាត់ជនជាតិជប៉ុន បានធ្វើឲ្យពិភពលោក កោតសរសើរប្រទេសពួកគេជាខ្លាំង នៅឯព្រឹត្តិការណ៍ World Cup 2022 តាមរយៈការដើររើសសំរាម នៅកីឡដ្ឋានថ្ងៃបើកការប្រកួត ដែលធ្វើឡើងរវាងកាតា និងអេក្វាឌ័រ កាលពីថ្ងៃអាទិត្យ។ នេះបើតាមវីដេអូមួយ បង្ហោះដោយ Talksport នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកានេះ។

ថ្ងៃប្រកួតបើកឆាក គឺកាតាដែលជាម្ចាស់ផ្ទះបានចាញ់អេក្វាឌ័រ ក្នុងលទ្ធផល ២ទល់នឹង០ ដែលធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ ហើយមានមនុស្សជាច្រើនក៏បានដើរចេញពីកីឡដ្ឋាន មុនបញ្ចប់ការប្រកួត។ ងាកទៅមើលជនជាតិជប៉ុនវិញ ទោះជម្រើសជាតិពួកគេមិនប្រកួតថ្ងៃនោះក្តី តែបានទៅមើលហើយដើរប្រមូលសំរាម ពេលបញ្ចប់ការប្រកួតផងដែរ។

ប្រជាជនកាតា មានការភ្ញាក់ផ្អើលខ្លាំងចំពោះឥរិយាបទជនជាតិជប៉ុន ខណៈអ្នកគាំទ្រម្នាក់បានថតវីដេអូ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម។

នៅក្នុងវីដេអូ គេអាចលឺនូវការនិយាយសរសើរថា «ជនជាតិជប៉ុនសម្អាតកីឡដ្ឋាន។ នេះមិនមែនជាការប្រកួតរបស់ពួកគេទេ។ នៅពេលខ្ញុំសួរពួកគេ ហេតុអ្វីបានជាអ្នកសម្អាតទីតាំង ដែលមិនពាក់ព័ន្ធនឹងអ្នក ចម្លើយនោះគឺ ជនជាតិជប៉ុនមិនដែលទុកសំរាមចោលទេ ហើយយើងគោរពទីតាំង»

សូមជម្រាបថា ការប្រកួតបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 ក្រុមភ្ញៀវអេក្វាឌ័រ រកបាន ៣ពិន្ទុយ៉ាងសំខាន់ ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះកាតា ២-០ ដែលនេះជាការប្រកួតលើកទី១ ក្នុងពូល (A) នៃវគ្គសន្សំពិន្ទុជាបណ្តោះអាសន្ន ស្ថិតក្នុងកីឡដ្ឋាន Al Bayt ដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ៦ម៉ឺននាក់។ នេះជាការប្រកួតលើកទីមួយ ក្នុងចំណោម ៦៤ប្រកួតសរុបចំពោះការចូលរួមមកពី ៣២ប្រទេស ដែលមាននៅប្រទេសកាតា តែមួយគត់៕