(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន១២ ចូលរួម ព្រមទាំងផ្ដល់ឱកាសការងារជាង១២០៧កន្លែង ដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង ៨៖០០ព្រឹកដល់ម៉ោង៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្ស-និស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយតំណាង ក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

កញ្ញា ព្រំ សិរីវីន អនុប្រធានផ្នែកជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន WOWNOW បានលើកឡើងថា កន្លងមកខាងក្រុមហ៊ុន ធ្លាប់បានចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ កាលពីចុងខែតុលា កន្លងទៅថ្មីៗនេះដែលមានយុវជន អ្នកស្វែងរកការងារយ៉ាងច្រើនកុះករបានចូលរួមនៅអគារពិព័រណ៍កោះពេជ្រ។

កញ្ញាបានបន្ដថា ខ្លួនសង្កេតឃើញថា NEA ពិតជាបានរួម ចំណែកក្នុងការងារជួយដល់ក្រុមហ៊ុន តាមរយៈជួយជ្រើសរើសបុគ្គលិក និងជួយផ្សព្វផ្សាយដំណឹងជ្រើសរើស បុគ្គលិករបស់ក្រុមហ៊ុនដល់សាធារណៈជន និងអ្នកស្វែងរកការងារដែលមានសក្តានុពល។

សម្រាប់វេទិកាការងារនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខានស្អែកនេះមានក្រុមហ៊ុន WOWNOW នឹងមានឱកាសការងារចំនួន១៥កន្លែង មានមុខជំនាញសំខាន់ៗដូចជា HR INTERN, IT, Customer Service, Head of Commercial ជាដើម។ ចំណែកមុខតំណែងទាំងនោះមានទាំងការងារពេញម៉ោង និង ក្រៅម៉ោង អ្នកមានបទពិសោធន៍ និងមិនមានបទពិសោធន៍ គឺអាចដាក់ពាក្យបានទាំងអស់។

កញ្ញា ព្រំ សិរីវីន បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្តល់ការបណ្តុះបណ្តាលបន្ថែម សម្រាប់អ្នកមិនទាន់មានបទពិសោធន៍ ដល់អ្នកដែលបានសម្ភាសជាប់ការងារ ជាមួយនឹងក្រុមហ៊ុន។

កញ្ញាបានបញ្ជាក់ថា «ដើម្បីទទួលបានការងារជាមួយ WOW NOW ត្រូវមានលក្ខណៈដូចជា ចូលចិត្តធ្វើការជាក្រុម មានអត្តចរិកស្លូតបូត ស្មោះត្រង់ គោរពពេលវេលា យកចិត្តទុកដាក់ក្នុងកិច្ចការងារ រួសរាយរាក់ទាក់ ពិសេសត្រូវមានទំនួលខុសត្រូវក្នុងការងារ»

កញ្ញាបន្តថា សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ សូមបងប្អូនសិស្សនិស្សិត និងជាបុគ្គលិកក្រុមហ៊ុន មានបំណងចង់រកការងារ ឬចង់ផ្លាស់ប្តូរការងារសូមនាំយកនូវប្រវត្តិរូប(CV) នឹងរៀបចំខ្លួនឲ្យបានស្អាតផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង១២ដែលនឹងចូលរួមជ្រើសរើសបុគ្គលិក ក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ, ក្រុមហ៊ុន WOWNOW, ក្រុមហ៊ុន BS Land &home, Brown Coffee and Bakery, ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន TH Group, ក្រុមហ៊ុន Century 21, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន SVI, ក្រុមហ៊ុន MinebeaMitsumi, ក្រុមហ៊ុន S SKECHERS និងក្រុមហ៊ុន AEON Cambodia។

វេទិកាការងារនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល៣ការពារ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្ត ក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕