(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានប្រកួតចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២-១ ដែលទើបបញ្ចប់មុននេះ នៃការប្រកួតបើកឆាកសន្សំពិន្ទុពូល C ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។

ប្រធានក្រុម Lionel Messi ជាអ្នករកបានតែ ១គ្រាប់ឲ្យក្រុមខ្លាំងមកពីអាមេរិឡាទីន អាហ្សង់ទីននៅនាទីទី១០ ដោយបាល់ប៉េណាល់ទី នៅមុនបាល់បំប៉ោងសំណាញ់ទី ៣គ្រាប់ផ្សេងទៀតក្នុងវគ្គទី១ ដែលសុទ្ធសឹងជាបាល់ជំហរក្រៅល្បែង (off side)។

តែយ៉ាងណាអារ៉ាប៊ីសាអូឌីត ដែលលេងតំណាងឲ្យទ្វីបអាស៊ីនោះ បានធ្វើការតាំងស្មារតី និងវាយបកយកជ័យជម្នះ ២ទល់នឹង១ វិញប្រើពេលត្រឹមតែ ៤នាទីប៉ុណ្ណោះ ពោលគឺនៅនាទី៤៩ និងនាទី៥៣ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដ្បិតជួបគ្នា ៤លើកនាពេលកន្លងមក លេងមិនឈ្នះពពកសអាហ្សង់ទីនឡើយ៕