(ដូហា)៖ ៤ប្រកួតនាយប់មិញនេះ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ក្នុងប្រទេសកាតា ក្រុមខ្លាំងៗមានដូចជា បារាំង ប៉ូឡូញ និងដាណឺម៉ាក សុទ្ធតែទទួលបានពិន្ទុ លើកលែងតែក្រុមអាហ្សង់ទីន ដែលមានកីឡាករសំខាន់ Lionel Messi បែរជាចាញ់ទៅវិញ។

ជំនួបប្រកួតបើកឆាកនាម៉ោង ៥ល្ងាចថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា អាហ្សង់ទីនបានភ្លាត់ស្នៀតចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ២ទល់១ នៅពេលពួកគេនាំមុខក្រុមអាស៊ី ១គ្រាប់មុនទៅហើយតាំងដើមវគ្គទី១ មករកបានដោយ Messi មុនពេលកីឡាករអារ៉ាប៊ីសាអូឌីតសងវិញ ២គ្រាប់ត្រឹមតែ ៤នាទីប៉ុណ្ណោះនៅដើមវគ្គទី២។ អារ៉ាប៊ីសាអូឌីត រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកពូល C ខុសគ្នាកាលពី ៤ឆ្នាំមុន ដែលចាញ់ក្រុមម្ចាស់ផ្ទះរុស្ស៊ី ៥-០ នៅថ្ងៃបើកឆាកពូល A នៃ World Cup 2018។

ដូចគ្នានោះដែរ ១ប្រកួតទៀតក្នុងពូល C ដដែល មិចសិច និងប៉ូឡូញបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ដែលផ្តល់ឱកាសឲ្យអារ៉ាប៊ីសាអូឌីត ឈរនៅកំពូលតារាងបណ្តោះអាសន្ន ក្រោយឈ្នះអាហ្សង់ទីននោះ។

ចំណែកឯ ២ប្រកួតនៅក្នុងពូល D វិញ ក្បាលព្រលប់ម៉ោង ៨យប់ ដាណឺម៉ាកដែលមានកីឡាករ Christian Eriksen ពាក់លេខ១០ នោះ មិនអាចធ្វើអ្វីក្រុមមកពីទ្វីបអាហ្រ្វិក ទុយនេស៊ីបានទេ គឺបញ្ចប់ក្នុងលទ្ធផល ០-០ ពីការលេងពេញម៉ោង ៩០នាទី នៅមុនពេលមាន់គកបារាំង ដែលជាក្រុមការពារតំណែងជើងឯកផងនោះ បានបំបាក់អូស្រា្តលី ៤-១ ខុសគ្នាកាលពី ៤ឆ្នាំមុននៅរុស្ស៊ី ឈ្នះតែ ២ទល់នឹង១ ប៉ុណ្ណោះនៅថ្ងៃប្រកួតដំបូងដូចគ្នា៕