(ដូហា)៖ ៤ប្រកួតនៃវគ្គសន្សំពិន្ទុនៅ FIFA World Cup 2022 ក្នុងប្រទេសកាតានោះ មានក្រុមខ្លាំងៗដូចជា អាល្លឺម៉ង់ អេស្ប៉ាញ ប៊ែលហ្សិក និងក្រុមរងជើងឯកកាលពី ៤ឆ្នាំមុន ក្រូអាតចាប់ផ្តើមចេញប្រកួតដំបូងនៅរាត្រីនេះ។

គូបើកឆាក គឺជាជំនួបរវាងម៉ារ៉ុក ត្រូវប៉ះក្រុមរងជើងឯកកាលពី ៤ឆ្នាំមុននៅប្រទេសរុស្ស៊ី ក្រូអាតនាម៉ោង ៥ល្ងាចថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) ជាការប្រកួតបើកឆាកសន្សំពិន្ទុចេញពីពូល F មុនពេល ១ប្រកួតទៀតធ្វើឡើងនៅម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា គឺជាជំនួបរវាងបិសាចក្រហមប៊ែលហ្សិក ប៉ះកាណាដា។

ចំណែកឯ ២ប្រកួតទៀតនៅក្នុងពូល E វិញគឺជាការជួបគ្នារវាងក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ប៉ះក្រុមសាម៉ូរៃខៀវជប៉ុននាម៉ោង ៨យប់ថ្ងៃពុធនេះ។ អាល្លឺម៉ង់ ជាក្រុមជើងឯក World Cup ៤សម័យកាលស្មើជាមួយអ៉ីតាលី ដែលចាញ់សាំបាប្រេស៊ីល តែ១លើកដំបូង ក្នុងនាមក្រុមជោគជ័យជាងគេនៅពាន ៤ឆ្នាំម្តង និងឈ្នះចុងក្រោយក្នុងឆ្នាំ២០១៤ នៅតំបន់អាមេរិកឡាទីន។

ក្នុងពូល E ជាមួយគ្នា គោជល់អេស្ប៉ាញ ដែលជាជើងឯកកាលពី World Cup 2010 នៅប្រទេសអាហ្រ្វិកខាងត្បូងនោះ ត្រូវប៉ះក្រុមកូស្តារីកា ដែលមានកីឡាករចាំទីសំខាន់ Keylor Navas ក្នុងក្រុមមកពីតំបន់អាមេរិកខាងជើងនាម៉ោង ១១យប់ថ្ងៃទី២៣ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា)៕