(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Mazda Motor Corp គ្រោងវិនិយោគប្រមាណ ១០.៦ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ខាងមុខជាមួយនឹងដៃគូរសហការរបស់ខ្លួនគឺក្រុមហ៊ុន Envision AESC ដើម្បីបង្កើនសក្តានុពលស្រាវជ្រាវការផលិតអាគុយរថយន្តអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Akira Konga ដែលជានាយកប្រតិបត្តិជាន់ខ្ពស់មួយរូបនៅ Mazda បានលើកឡើងថា ភាពជាដៃគូរជាមួយក្រុមហ៊ុន Envision AESC នឹងជម្រុញឱ្យ Mazda បង្កើនសមត្ថភាពរបស់ខ្លួនទ្វេដងនៅក្នុងវិស័យផលិតរថយន្តអគ្គិសនី។ ខណៈលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតមកទល់ពេលនេះកំណើននៃការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកកំពុងតែកើនឡើងទ្វេដង ហើយអាចបន្តកើនឡើងចន្លោះពី ២៥ភាគរយដល់ទៅ ៤០ភាគរយនៅឆ្នាំ២០២៣ ខាងមុខនេះថែមទៀតផង។ តែយ៉ាងណាទាក់ទិនទៅនឹងព័ត៌មានលម្អិតមិនទាន់មានរបាយការណ៍ចេញផ្សាយនោះទេ ខណៈក្រុមហ៊ុនទាំងពីនេះកំពុងស្ថិតក្នុងការចរចា។

ស្របពេលដែល Mazda កំពុងតែបោះជំហានកាន់តែខ្លាំងទៅលើទីផ្សាររថយន្តអគ្គិសនី ក្នុងនោះក្រមហ៊ុនផលិតរថយន្តស្ទើរតែនៅទូទាំងពិភពលោកកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើនការផលិតអាគុយអគ្គិសនី និងរថយន្តអគ្គិសនីដែលកំពុងប្រឈមមុខនឹងបទបញ្ញត្តិបរិស្ថានកាន់តែតឹរ៉ឹង។ ដោយឡែកកាលពីខែសីហាកន្លងទៅ Toyota និង Honda ទើបតែបោះទុនក្នុងទំហំទឹកប្រាក់ដ៏ច្រើនបំផុតមួយដើម្បីពង្រឹងទៅលើអាគុយអគ្គិសនីរបស់ខ្លួន។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Envision AESC គឺជាក្រុមហ៊ុនផលិតអាគុយលីចូលអ៊ីយ៉ុងសម្រាប់រថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងជាក្រុមហ៊ុនបណ្តាក់ទុនរូមគ្នារវាង Nissan, NEC និងក្រុមហ៊ុន Tokin Corporation៕