(អាល់រេយ៉ាន)៖ អតីតខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero បានរិះគន់សមាគមបាល់ទាត់ប្រទេសរបស់លោក (AFA) បន្ទាប់ពីលោកត្រូវបានគេបដិសេធ ក្នុងការចូលទៅកាន់មូលដ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ World Cup មុនបើកការប្រកួតជម្រុះក្នុងពូលរបស់ពួកគេ ប៉ះក្រុមអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
Aguero បានស៊ុតបញ្ចូលទី ៤១គ្រាប់ ក្នុងការបង្ហាញខ្លួន ១០១ប្រកួតសម្រាប់ក្រុមជម្រើសជាតិពពកសអាហ្សង់ទីន ដោយបានលេងតំណាងឲ្យប្រទេស ចំនួន ៣លើកនៅព្រឹត្តិការណ៍ World Cup និងបានជួយឲ្យពួកគេឈ្នះពានរង្វាន់ 2021 Copa America ជាពានរង្វាន់ធំជាងគេដំបូងបង្អស់ ក្នុងរយៈពេល ២៨ឆ្នាំផងដែរ។
បុរសវ័យ ៣៤ឆ្នាំរូបនេះបានលើកឡើងថា លោកចង់ជូនពរក្រុមជម្រើសជាតិរបស់លោក ឲ្យទទួលបានសំណាងល្អ មុនពេលពួកគេបើកយុទ្ធនាការ ប៉ុន្តែត្រូវបានគេប្រាប់ថា ការទទួលស្គាល់សិទ្ធិជាផ្លូវការ មិនអាចរៀបចំទាន់ពេលវេលានោះទេ សម្រាប់លោកជួបជាមួយអតីតមិត្តរួមក្រុមរបស់លោក។
Aguero បានលេងឲ្យក្លិប Atletico Madrid មុនពេលចំណាយពេលលេងដ៏ជោគជ័យ រយៈពេលមួយទសវត្សរ៍ជាមួយក្លិប Manchester City ហើយបានប្រកាសពីការចូលនិវត្តន៍របស់ លោកក្នុងវ័យ ៣៣ឆ្នាំកាលពីខែធ្នូឆ្នាំមុន ដោយសារតែស្ថានភាពបេះដូង នាំឲ្យមានការបិទវាំងនន នៃអាជីពរយៈពេល ១៨ឆ្នាំរបស់លោក ដែលលោករកគ្រាប់បាល់បានជាង ៤០០គ្រាប់៕