(ដូហា)៖ កូរ៉េខាងត្បូង បាននឹងកំពុងរង់ចាំយ៉ាងអន្ទះសា នូវព័ត៌មានថាតើប្រធានក្រុម Son Heung-min អាចចូលលេងបាន ដោយពួកគេត្រូវការរូបលោកជាចាំបាច់ ខណៈក្រុមខ្លាំងនៅទ្វីបអាស៊ីមួយនេះ នឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកាខាងមុខ ដោយប៉ះក្រុមអ៊ុយរូហ្គាយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធក្លិប Tottenham Hotspur រូបនេះ បានបាក់ឆ្អឹងនៅជុំវិញភ្នែកខាងឆ្វេងរបស់លោក កាលពី ៣សប្តាហ៍មុន ហើយបានហ្វឹកហាត់នៅកាតា ដោយពាក់ម៉ាសការពារពណ៌ខ្មៅ។

ពូល H ដែលរួមមានទាំងព័រទុយហ្គាល់ និងហ្គាណាដែរនោះ មានន័យថា ការគម្រាមកំហែង និងទម្រង់ប្រយុទ្ធឥតឈប់ឈររបស់ Son ពិតជាមានសារៈសំខាន់ សម្រាប់ក្រុមកូរ៉េខាងត្បូង។

គ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង លោក Paulo Bento បានលើកឡើងថា «យើងត្រូវត្រួតពិនិត្យ និងវាយតម្លៃពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឲ្យគាត់មកចូលលេងបាន។ យើងមានពេលវេលា ដើម្បីធ្វើការសម្រេចចិត្តត្រូវ និងជាការសម្រេចចិត្តល្អបំផុត សម្រាប់យើងទាំងអស់គ្នា»

Son ពិតជាចង់លេង ដោយកាលពីសប្តាហ៍មុនលោកបានលើកឡើងថា លោកមានឆន្ទៈលេងច្រើនជាងហានិភ័យ នៃបញ្ហារបួសរបស់លោក៕