(ដូហា)៖ ខ្សែបម្រើស្លាបអាល្លឺម៉ង់ Leroy Sane បានរងរបួសជង្គង់ ហើយនឹងខកខានការប្រកួតបើកឆាក World Cup ក្នុងពូល E របស់ពួកគេដោយប៉ះក្រុមជប៉ុន នៅថ្ងៃពុធនេះ។ នេះបើតាមការឲ្យដឹងពីក្រុម ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

កីឡាករវ័យ ២៦ឆ្នាំរូបនេះមិនបានចូលរួម នៅក្នុងការហ្វឹកហាត់លើកចុងក្រោយ នៅភាគខាងជើងប្រទេសកាតា មុនពេលការប្រកួតនាថ្ងៃពុធ នៅទីក្រុងដូហានោះទេ ហើយវាមិនច្បាស់នោះទេ ថាតើមានរយៈពេលប៉ុន្មានដែលលោកត្រូវអវត្តមាន។

ក្រុមម្ចាស់ពានរង្វាន់ជើងឯក World Cup ៤រដូវកាល អាល្លឺម៉ង់ ក៏នឹងត្រូវប៉ះអេស្ប៉ាញ នៅថ្ងៃទី២៧ ខែវិច្ឆិកា មុនពេលប៉ះកូស្តារីកា នៅថ្ងៃទី០១ ខែធ្នូទៀតផង៕