(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ចប់ការប្រកួតលើកដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដោយជោគជ័យ ក្រោយដំណើរការប្រកួត ៤ថ្ងៃពីថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយច្រើនជាងគេ។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក ហួរ សុមេធ តំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្នាក់ដឹកនាំសហព័ន្ធ ព្រមទាំងប្រតិភូកីឡាជឺជីតស៊ូមកពីក្រសួង រាជធានី-ខេត្តផងដែរ។

លោក សៀន សុភក្ដ្រ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួតនេះមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៣៣រូបចូលរួម។ ជាលទ្ធផលបច្ចេកទេស នៃការប្រកួតខាងលើ ក្លិបកីឡាជឺជីតស៊ូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយច្រើនជាំងគេ គឺមានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១ ខណៈក្រសួងការពារជាតិ តាមពីក្រោយឈ្នះមេដាយមាស២ និងសំរឹទ្ធ៦។ ឯរាជធានីភ្នំពេញ ឈ្នះមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ១ ឈរលេខ៣ និងក្រសួងមហាផ្ទៃ ឈរលេខ៤ ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ ៣ ខណៈខេត្តបាត់ដំបង ឈរលេខ៥ ដណ្ដើមបានមេដាយសំរឹទ្ធ ៣គ្រឿង។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា នេះជាលើកដំបូងហើយ ដែលកីឡាជឺជីតស៊ូ ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាជាតិ ដែលជាពេលវេលាដ៏សំខាន់សម្រាប់សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនី ត្រូវសិក្សាស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្វះខាត ហើយត្រូវបំពេញបន្ថែម ដើម្បីត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ មុនទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣៕