(បរទេស)៖ បន្ទាប់ពីបញ្ឈប់បុគ្គលិកប្រមាណ ៧៥០០នាក់ ដែលស្មើនឹង ២ភាគ៣ នៃបុគ្គលិកសរុបនៅ Twitter ក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ពេលនេះនាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter លោក Elon Musk បាននិយាយថា លោកកំពុងចាប់ផ្តើមជួលបុគ្គលិកមកបម្រើការនៅ Twitter ជាថ្មីម្តងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពដដែលបានដឹងទៀតថា នៅក្នុងកិច្ចប្រជុំមួយជាមួយនិយោជិត លោក Musk បានអះអាងថា លោកកំពុងសម្លឹងរកមើលបុគ្គលិកដែលធ្វើការខាងផ្នែកវិស្វកម្ម និង ផ្នែកលក់។ លើសពីនេះទៅទៀតលោកក៏បានប្រាប់ឱ្យបុគ្គលិក Twitter បច្ចុប្បន្នដែលនៅសេសសល់ពីការបញ្ឈប់ការងារឱ្យជួយណែនាំបេក្ខជនដែលមានសមត្ថភាពឱ្យមកធ្វើការនៅក្រុមហ៊ុនលោក។

ដូចពាក្យចាស់លោកពោលថា «ក្រោយភ្លៀងមេឃស្រឡះ» បន្ទាប់ពីព្យុះភ្លៀងនៅ Twitter អស់មួយរយៈមកនេះពេលនេះ Twitter ហាក់មានសង្ឈឹមឡើងវិញហើយ ក្រោយពី Musk ប្រកាសបញ្ចប់ការបញ្ឈប់បុគ្គលិកតទៅទៀតនៅក្នុង Twitter ដោយចាប់ផ្តើមងាកមកស្វែងរកបុគ្គលិកដែលមានសក្តានុពលជំនួសវិញ។ យ៉ាងណាមិញបើយោងតាមរបាយកាណ៍ដែលដកស្រង់សម្តី Musk បានឱ្យដឹងថា «បើនិយាយពីការជួលបុគ្គលិកក្នុងពេលនេះ ខ្ញុំកំពុងតែស្វែងរកអ្នកដែលពូកែសរសេរកម្មវិធី គឺជាអាទិភាពខ្ពស់បំផុត»

ដោយឡែកការប្រកាសជ្រើសរើសបុគ្គលិកនេះមិនត្រូវបានចេញផ្សាយជាសាធារណៈនៅលើបណ្តាញផ្សព្វផ្សាយសង្គម Twitter នោះទេ។ មួយវិញទៀតនៅក្នុងកិច្ចប្រជុំនោះ Musk បានគូសបញ្ជាក់ថា លោក «មិនមានគម្រោង» ក្នុងការបង្កើតឱ្យមានទីស្នាក់ការកណ្តាលរបស់ Twitter នៅរដ្ឋតិចសាស់ ដូចដែលលោកបានធ្វើជាមួយក្រុមហ៊ុន Tesla នោះទេ បើទោះបីជាមានមតិជាច្រើនលើកឡើងថា វាសមហេតុផលដែល Twitter ត្រូវតែមាន «ការិយាល័យទីពីរ» នៅរដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ាក៏ដោយ៕