(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ចប់ការប្រកួតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដោយជោគជ័យ ក្រោយដំណើរការប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គ្រាដែលថ្នាក់ដឹកនាំសហព័ន្ធបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះការប្រកួតនេះ ដែលទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធបានគូសបញ្ជាក់ថា កម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីទាំងអស់ ហាក់មានកម្រិតរីកច្រើនគួរឲ្យកត់សម្គាល់ ខណៈចំណុចខ្វះខាតមានតិចតួចប៉ុណ្ណោះ។ ជារួមអាចវាយតម្លៃបានថា កម្រិតសមត្ថភាពកីឡាករជម្រើសជាតិទាំងអស់ ដែលបានចូលរួមប្រកួតកីឡាជាតិ លើកទី៣ ហាក់មានកម្រិតបច្ចេកទេសគ្រប់គ្រាន់ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

សម្រាប់ការប្រកួតកីឡាចំបាប់ក្នុងកីឡាជាតិឆ្នាំនេះ គឺមានប្រតិភូ និងកីឡាករ-កីឡាការិនីមកពី ៧ក្រសួង និងរាជធានី-ខេត្តចូលរួម។ ជាលទ្ធផលក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ រួមមានមេដាយមាស៦ ប្រាក់២ និងសំរឹទ្ធ១, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ដណ្ដើមបានមេដាយមាស៥ ប្រាក់៥ និងសំរឹទ្ធ២ និងខេត្តកំពង់ឆ្នាំង ឈរលេខ៣ ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៦គ្រឿង៕