(មែនឆេស្ទើ)៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាមុនកាលកំណត់ជាមួយ Manchester United ក្រោយធ្វើការរិះគន់ក្លិបបិសាចក្រហមនេះក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះ។

សារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយនៅថ្ងៃនេះថា ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ខាងនេះ បានចាកចេញពីក្លិប Man Utd ក្រោយមានការប៉ះទង្គិចគ្នាភ្លាមៗរួចមក ក្រោយពេលតារាជើងស៊ុត វ័យ ៣៧ឆ្នាំខាងលើនេះ បានធ្វើការរិះគន់ក្លិប និងមិនសំដែងដល់ការគោរពដល់គ្រូបង្វឹកបច្ចុប្បន្ន គឺលោក Erik ten Hag ផងទៀត។

តែយ៉ាងណា ភាគីទាំងពីរគឺដល់ផ្លូវបំបែកនេះ «ដោយសារតែហេតុផលផ្ទាល់ខ្លួនតែប៉ុណ្ណោះ» នេះបើយោងតាមការបន្ថែមរបស់ BBC ខាងលើ ដ្បិត Ronaldo នៅសល់កិច្ចសន្យា ១ឆ្នាំទៀតក្នុងការរត់នៅលើទីលាន Old Trafford ដែលស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។

ក្នុងសេចក្តីថ្លែងការណ៍របស់ Man Utd បានបញ្ជាក់ថា «ក្លិបសូមថ្លែងអំណរគុណដល់ Ronaldo ដែលបានខិតខំចំណាយពេល ២លើកក្នុងការចូលរួមជាមួយពួកយើង។ ពួកយើងសូមជូនពរដល់គាត់ និងក្រុមគ្រួសារមានសំណាងល្អនៅថ្ងៃអនាគត។ គ្រប់គ្នាដែលនៅក្នុងក្លិប នៅតែផ្តោតការអភិវឌ្ឍន៍ជានិច្ច ស្ថិតក្រោមការបង្វឹករបស់លោក Erik ten Hag»

នៅចាំបានថា Ronaldo ដែលស៊ុតបញ្ចូលទីបាន ១៤៥គ្រាប់ពីការចូលលេងបាន ៣៤៦ប្រកួតសម្រាប់ United បានចាកចេញពីក្លិបសេះបង្កង់ Juventus ដើម្បីវិលរកទ្រនំចាស់វិញនាទឹកដី Old Trafford នាខែសីហា ឆ្នាំ២០២១ ដោយមានរយៈពេល ១១ឆ្នាំ ក្រោយចាកចេញទៅចូលរួមជាមួយក្រុមអេស្ប៉ាញ Real Madrid កាលឆ្នាំ២០០៩៕