(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានក្រើនរំឮកកីឡាករ-កីឡាការិនីទទួលបានជយលាភីក្នុងការប្រកួតកីឡាជាតិ លើកទី៣ មិនត្រូវភ្លេចខ្លួន ហើយត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួចសមត្ថភាពឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាគោលដៅសំខាន់របស់អត្តពលិកគ្រប់រូប។

ការលើកឡើងនេះ បន្ទាប់ពីកីឡាវ៉ូវីណាមកម្ពុជាបានបញ្ចប់ការប្រកួតដោយជោគជ័យ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ក្រោយដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃ ដែលទើបបិទបញ្ចប់នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ។

ប្រមុខសហព័ន្ធបានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតកីឡាវ៉ូវីណាម ក្នុងកីឡាជាតិឆ្នាំនេះ ដែលប្រព្រឹត្ដទៅយ៉ាងរលូន ទាំងគណៈកម្មការ និងមន្ដ្រីបច្ចេកទេសរៀបចំ ស្របតាមនិយាមបច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្ដរជាតិ ក៏ដូចជាការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនី។ យ៉ាងណាក្ដីកីឡាករ-កីឡាការិនីទាំងអស់ មិនត្រូវធ្វេសប្រហែសនោះទេ ពិសេសអ្នកទទួលបានជយលាភី ត្រូវខំប្រឹងកាន់តែខ្លាំង ដើម្បីធានាបាននូវការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំក្រោយ។

ចំពោះលទ្ធផលបច្ចេកទេសក្រោយដំណើរការប្រកួត ៤ថ្ងៃកន្លងមក គឺសមាគមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស៨ ប្រាក់២ និងសំរឹទ្ធិ១, ក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយមាស៧ ប្រាក់៤ និងសំរឹទ្ធិ៤, ខេត្តស្វាយរៀង ឈរលេខ៣ ឈ្នះមេដាយមាស២ ប្រាក់៦ និងសំរឹទ្ធិ៣ និងខេត្តព្រៃវែង ឈរលេខ៤ ឈ្នះមេដាយមាស២ ប្រាក់៦ និងសំរឹទ្ធិ ២គ្រឿង៕