(កំពត)៖ ក្រុមហ៊ុន បូកគោហ្វាម បានសម្រេចបោះទុនវិនិយោគ២លានដុល្លារអាមេរិក ដើម្បីផលិតទឹកពិសា «ឋានសួគ៌បូកគោ» ដែលផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងកំពុងទទួលបាន ការគាំទ្រលើទីផ្សារ។

ជាមួយនឹងការគាំទ្រពីសាធារណៈជន ក្រុមហ៊ុន បូកគោ ហ្វាម កំពុងសិក្សាដើម្បីពង្រីកទុន និងទំហំផលិតកម្មបន្ថែមទៀត ស្របពេលទឹកពិសា «ឋានសួគ៌បូកគោ» កំពុងមានប្រជាប្រិយភាព និងគាំទ្រពីអតិថិជន។

លោក នុត សេងហុង ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន បូកគោហ្វាម បានឲ្យដឹងថា មូលហេតុដែលទឹកពិសាឋានសួគ៌បូកគោ មានការគាំទ្រពីអតិថិជន ព្រោះទឹកនេះ មានលក្ខណៈពិសេស ដែលត្រូវបានទាញយកពីទឹកភ្លៀង ដែលមានរយៈកំពស់១,០៧៥ម៉ែត្រពីនីវូទឹកសមុទ្រ ប្រើប្រាស់ប្រព័ន្ធផលិតតាមបច្ចេកវិទ្យាទំនើប ចុងក្រោយ។

លោកបន្តថា «អ្វីកាន់តែពិសេស វិទ្យាស្ថានអន្តរជាតិមួយ បានរកឃើញថា ទឹកពិសាឋានសួគ៌បូកគោ មានផ្ទុកសារធាតុ PH8 ដែលសារធាតុនេះ ជួយកាត់បន្ថយជាតិអាស៊ីត ក្នុងរាងកាយ ជួយដល់ថ្លើម និងសុខភាពរាងកាយកាន់តែប្រសើរ»

កម្រិត PH8 របស់ទឹកពិសាឋានសួគ៌បូកគោ ជួយពង្រឹងជាតិអាល់កាឡាំង ដែលប្រឆាំងនឹងជំងឺបេះដូង ប្រឆាំងនឹងជាតិអាស៊ីតក្នុងរាងកាយ ជាពិសេសជួយឲ្យសម្ពាធឈាមដំណើរបានល្អ។ តាមការសិក្សា កម្រិត PH8 លើសពី៧ ត្រូវបានគេទទួលស្គាល់ថា ជាទឹកអាល់កាលីន ដែលល្អសម្រាប់សុខភាព ព្រោះវាអាចជួយក្នុងការបន្សាបជាតិអាស៊ីត នៅក្នុងរាងកាយ។

លោកបន្តថា ស្របពេលជាមួយនឹងកំណើនបញ្ជាទិញពីអតិថិជន តាមម៉ាតមួយចំនួន បានធ្វើឲ្យការផលិតរបស់យើង បានកើនឡើងប្រមាណ៥០,០០០ដបក្នុងមួយថ្ងៃ ហេតុនេះទើបក្រុមហ៊ុនកំពុងសិក្សា ពង្រីកទុនវិនិយោគបន្ថែម។

បច្ចុប្បន្នទឹកពិសារ «ឋានសួគ៌បូកគោ» បានចែកចាយនៅម៉ាតរបស់ក្រុមហ៊ុនសុខា ស្ថិតនៅលើផ្លូវភ្លោះក្រមួន «ស» នៅតាមម៉ាតធំៗនាទីក្រុងភ្នំពេញ និងចែកចាយនៅតាមសណ្ឋាគារទាំង៧​ របស់ក្រុមហ៊ុនសុខាគ្រុប។

លោក នុត សេងហុង បានឲ្យដឹងទៀតថា លក្ខណៈពិសេសរបស់ ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ នៅលើកំពូលភ្នំបូកគោ ដែលមានរយៈកម្ពស់១,០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ខ្ពស់ជាងទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម។

លោកបានបន្តថា ប្រសិនបើទឹកពិសារចេញ ពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឲ្យថ្លា ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ ដែលមិនមានសារធាតុគីមីឡើយ។ ទឹកពិសាឋានសួគ៌បូកគោជាទឹកពិសា ដែលទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពអ្នកពិសា។

លោកថា គ្រប់ដំណាក់កាលនៃការផលិត ត្រូវបានដំណើរការយ៉ាងល្អ និងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយត្រូវបានផលិតដោយដោយប្រព័ន្ធចម្រុះ Reverse Osmosis និងសម្លាប់មេរោគដោយ UV និង Ozone និងតាមការតម្រូវនៃស្តង់ដារកម្ពុជា CS 009:2005 សម្រាប់ទឹកពិសារប្រកប ដោយអនាម័យ និងគុណភាពខ្ពស់ ISO 9001-2015 ជាទឹកពិសាដែលមានគុណភាព ទទួលស្គាល់តាមកម្រិតស្តង់ដារ អន្តជាតិ HACCP៕