(ដូហា)៖ បន្ទាប់ពីធ្វើការថតកាំរស្មីអ៉ិច (x-rays) គេបានរកឃើញថា ខ្សែការពារជម្រើសជាតិអារ៉ាប៊ីសាអូឌីត Yasser Al Shahrani បានបាក់ឆ្អឹងថ្គាម និងឆ្អឹងមុខធ្ងន់ធ្ងរ ហើយគាត់ត្រូវការវះកាត់ជាបន្ទាន់ ដោយសារមានការហូរឈាមផ្នែកខាងក្នុង។ នេះយោងតាមការផ្សាយដោយ Gulf Today របស់អេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ប្រភពដដែលអះអាងថា ព្រះអង្គម្ចាស់ Mohammed Bin Salman រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានបញ្ជាថា កីឡាករ Yasser ត្រូវតែដឹកដោយយន្តហោះឯកជន ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីព្យាបាល។

សូមជម្រាបថា Yasser Al Shahrani ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយសារការប៉ះទង្គិចជាមួយអ្នកចាំទីរួមជម្រើសជាតិ Mohammed Al-Owais អំឡុងពេលប្រកួតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីថ្ងៃអង្គារ ម្សិលមិញ។ Al Shahrani ត្រូវបានយកចេញពីទីលានដោយការសែងចេញ។

កីឡាករ Yasser បានដួលទៅលើដីអស់រយៈពេលជាច្រើននាទី ខណៈអ្នកចាំទីអារ៉ាប៊ីសាអូឌីត មានការភិតភ័យយ៉ាងខ្លាំងរហូតដល់លុតជង្គង់ បន្ទាប់ពីជង្គង់របស់គាត់បានបុក Yasser ចំផ្ទៃមុខពេញទំហឹង។ ទោះជាយ៉ាងនេះក្តី ការប្រកួតបានបញ្ចប់ដោយជ័យជម្នះជាប្រវត្តិសាស្ត្រ សម្រាប់អារ៉ាប៊ីសាអូឌីត ពេលប៉ះអាហ្សង់ទីន ដោយលទ្ធផល ២ទល់នឹង១ ដែលជាការវាយបកដ៏ជក់ចិត្តបំផុត៕