(រីយ៉ាត)៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសថ្ងៃឈប់សម្រាក ១ថ្ងៃប្រចាំប្រទេស ក្រោយពីបានវាយបកយកឈ្នះក្រុមអាហ្សង់ទីន ២-១ យ៉ាងអស្ចារ្យក្នុងជំនួបវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា កាលពីថ្ងៃអង្ការ។ នេះបើតាមប្រភពពី Aljazeera នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រះមហាក្សត្យ Salman បានប្រកាសឲ្យឈប់សម្រាកជាសាធារណៈសម្រាប់កម្មករក្នុងវិស័យសាធារណៈ បណ្តាក្រុមហ៊ុនឯកជន និងសិស្សានុសិស្សក្នុងប្រទេស ដើម្បីអបអរសាទរការរកបានជ័យជម្នះនេះ។

ក្រុមអារ៉ាប៊ីសាអូឌីត បានព្យាយាមវាយបកយកឈ្នះ បន្ទាប់ពីខ្សែប្រយុទ្ធ Lionel Messi ស៊ុតបើកឆាកនាំមុខនៅនាទី១០ ហើយតាមបាន ២គ្រាប់ជ័យជម្នះមកវិញដោយការស៊ុតរបស់កីឡាករ Saleh Al Shehri និង Salem al DawsarI។

សូមបញ្ជាក់ផងថា ក្រុមអារ៉ាប៊ីសាអូឌីត ស្ថិតក្នុងពូល C កំពុងឈរកំពូលតារាងរកបាន ៣ពិន្ទុបណ្តោះអាសន្ន ដោយត្រូវបន្តប៉ះក្រុមប៉ូឡូញ នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ ជាការប្រកួតលើកទី២ ហើយប្រកួតទី៣ ប៉ះក្រុមមិចសិក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២៕