(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីសីដក់ នៃក្រសួងការពារជាតិ បានក្រសោបមេដាយមាសលើគ្រប់វិញ្ញាសា ក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។ ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា។

សម្រាប់កីឡាសីដក់នេះ បានដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៧៣នាក់ មកពីរាជធានី-ខេត្ត និងក្រសួងចំនួន ៦ចូលរួម ដោយធ្វើការប្រកួតលើ ៣វិញ្ញាសា រួមមានវិញ្ញាសានារី ២នាក់ ទល់ ២នាក់, វិញ្ញាសាបុរស ២នាក់ ទល់ ២នាក់ និងវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់។

ជាលទ្ធផលការប្រកួតក្រុមអត្តពលិក នៃក្រសួងការពារជាតិ ឈ្នះមេដាយមាសគ្រប់វិញ្ញាសា ពោលគឺឈរចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយមាស ៣គ្រឿង ខណៈក្រសួងមហាផ្ទៃ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២ ឈរលេខ២ គ្រាដែលខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ ឈរលេខ៣ និងលេខ៤ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ ដូចគ្នា។

លោក មាស សារិន បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតនេះ ដែលដំណើរការដោយរលូន ប៉ុន្ដែលោកបានជំរុញឲ្យគណៈកម្មការ មន្ដ្រីបច្ចេកទេស ពិសេសកីឡាករ-កីឡាការិនី ត្រូវខិតខំដុសខាត់សមត្ថភាពបន្ថែមទៀត ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយធានាបាននូវការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕