(ភ្នំពេញ)៖ ថ្មីៗនេះ បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាស់គ្នា ជុំវិញបញ្ហាបទចម្រៀងដែលបានបែកធ្លាយពេញបណ្ដាញសង្គម រហូតមានអ្នកលេងបណ្ដាញសង្គម និងជាអ្នកគាំទ្រតារាក្នុងដួងចិត្តរបស់ពួកគេម្នាក់ៗ បានផ្ទុះនូវពាក្យសម្ដីមិនសមរម្យ ដាក់គ្នាទៅវិញទៅមក ទាក់ទងនឹងការលេចធ្លាយចម្រៀង ដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម នាំឲ្យមានការជជែកដេញដោយគ្នាដូចបាយកំពុងពុះ យកត្រូវរៀងៗខ្លួន។ យ៉ាងណាមិញ បន្ទាប់ពីករណីនេះ ហាក់កាន់តែក្ដៅឡើងៗ ផលិតកម្ម បារមី ដែលជាអ្នកពាក់ព័ន្ធធំក្នុងបញ្ហានេះ បានសំរេចសុំកិច្ចអន្តរាគមន៍ ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដល់អ្នកពាក់ព័ន្ធធ្វើឲ្យបែកធ្លាយ និងលួចយកស្នាដៃសិល្បៈ ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ។

ទាក់ទងនឹងករណីបែកធ្លាយបទចម្រៀង ថ្មីៗនេះផលិតកម្ម បារមី ជឿជាក់ថា សាធុជនទាំងអស់គ្នាមានការមន្ទិលសង្ស័យ និងឆ្ងល់ថា ហេតុអ្វីបានជាបារមីស្ងាត់ម៉្លេះ ក្នុងរយៈពេលកន្លងមកនេះ?​ កន្លងមកនេះបារមីកំពុងតែចំណាយពេលធ្វើការស៊ើបអង្កេត និងស្រាវជ្រាវឯកជនដោយស្ងប់ស្ងាត់ និងធ្វើការសុំអន្តរគមន៍ពីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈដើម្បីធ្វើការប្រមូលព័ត៌មានដែលពិតប្រាកដ និង​ត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ និងការពារសមិទ្ធិផលរបស់សិល្បកររបស់យើង យោងតាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ​ និងសិទ្ធិប្រហាក់ប្រហែល និងអនុសញ្ញាទីក្រុងប៊ែនស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ។
មកដល់ថ្ងៃនេះ បារមីបានប្រមូលឯកសារភ័ស្តុតាងជាង ៥០សំណុំ និង​រកឃើញមនុស្សពាក់ព័ន្ធនឹងការបែកធ្លាយនេះ ដែលពួកគេទាំងអស់បានចូលរួមសហការជាមួយនឹងបារមី ក្នុងការស្វែងរកអ្នកដែលបានចែកចាយនូវបទចម្រៀងបែកធ្លាយបន្តទៀត។

សម្រាប់អ្នកដែលបានបង្ហោះ និងចែករំលែកបទចម្រៀងដែលបានបែកធ្លាយ ដោយគ្មានការអនុញ្ញាតទាំងអស់ អ្នកទាំងអស់គ្នាមានរយៈពេល ១៥ថ្ងៃ ដើម្បីលុបចេញនៅការផុសទាំងអស់ រាប់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ មុនពេលដែលខាងយើងត្រូវធ្វើការចាត់វិធានការតាមផ្លូវច្បាប់។ បារមី សូមសំណូមពរទៅដល់មហាជនគ្រប់រូបចូលរួមធ្វើការ ចែកចាយនូវអត្ថបទមួយនេះទៅកាន់ មិត្តភក្តិ បងប្អូន ជាពិសេសទៅកាន់អ្នកដែលបានចែកចាយនូវបទចម្រៀង ដែលបានបែកធ្លាយ និងសូមឲ្យអ្នករាល់គ្នា មេត្តាគោរពនូវកម្មសិទ្ធិបញ្ញា ស្នាដៃរបស់អ្នកនិពន្ធ និង សិទ្ធិរបស់ អ្នកនិពន្ធគ្រប់រូប។

ដោយឡែក យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ផលិតកម្ម បារមី ប្រដាក់សិន ខមភេនី លីមីធីត «BARAMEY PRODUCTION COMPANY LIMITED» ចេញជាសាធារណៈនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «ករណីបែកធ្លាយនិងយកស្នាដៃតូរ្យតន្ត្រីយ៉ាងហោចណាស់ ២២ បទទៅប្រើប្រាស់តាមបណ្តាញសង្គមនានា ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ» ផលិតកម្ម បារមី ក្នុងនាមលោក ម៉ាន់ វណ្ណដា ដែលជាអ្នកចម្រៀងដ៏មានកិត្តិនាមនៅលើឆាកជាតិ និងអន្តរជាតិ មានជាអាទិ៍ក្នុងបទ «Time to rise» និង «Mama»...សូមប្រកាសដល់សាធារណជនថា ផលិតកម្ម បារមី បានដាក់បណ្ដឹងសូមអន្តរាគមន៍ពីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់អ្នកនិពន្ធដូចមានការពារនៅក្នុងច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់
ប្រហែល​ដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តកាលពីឆ្នាំ ២០០៣។

ស្របជាមួយគ្នានេះដែរ យើងក៏មានការការពារពីអនុសញ្ញាទីក្រុងប៊ែន ដែលព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាសមាជិកនៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២ ដែលអនុសញ្ញានេះការពារសិទ្ធិអ្នកនិពន្ធក្នុងថ្នាក់
អន្តរជាតិជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ បារមី នឹងមិនធ្វើបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ចំពោះបងប្អូនទាំងឡាយណា ដែលយកទៅប្រើប្រាស់ដោយមិនយល់ពីច្បាប់ខាងលើ។ បារមី សូមអំពាវនាវទៅដល់សាធារណជនទាំងអស់គ្នាម្ដងទៀតមេត្តាបញ្ឈប់ និងលុបចោលរាល់ការចែកចាយបទចម្រៀងដែលបែកធ្លាយទាំងអស់នៅ លើប្រព័ន្ធបណ្តាញសង្គមនានា និង លុបចោលរាល់ឯកសារពាក់ព័ន្ធនឹងបទដែលបានបែកធ្លាយដើម្បីគោរព និងការពារស្នាដៃកម្មសិទ្ធិបញ្ញារបស់សិល្បករយើង ក៏ដូចជាឧស្សាហកម្មសិល្បៈតន្ត្រីទាំងមូល។

សូមបញ្ជាក់ថា មាត្រា ៦៤៖ ការរំលោភបំពានលើសិទ្ធិអ្នកនិពន្ធដូចមានកំណត់ក្នុងច្បាប់នេះតាមរយៈការផលិត ការផលិតឡើងវិញ ឬការសម្តែង ឬការផ្សព្វផ្សាយនូវស្នាដៃដោយប្រើមធ្យោបាយ បែបណាក៏ដោយ គឺជាបទល្មើសដែលត្រូវទទួលទោសតាមច្បាប់។ បទល្មើសនៃការផលិត ឬការផលិតឡើងវិញ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ/និងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែដល់ ១២ (ដប់ពីរ) ខែ។ ករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង។ ការនាំចូល ឬនាំចេញនូវ ផលិតផលបានពីបទល្មើសដែលជាការផលិតឡើងវិញ
ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ឬ/និងត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ១២ (ដប់ពីរ)ខែ។ ករណីមិនរាងចាល ត្រូវផ្តន្ទាទោស ទ្វេដង។

បទល្មើសនៃការសម្តែង ឬការផ្សព្វផ្សាយត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ឬ/និងត្រូវផ្តន្ទាទោសជាប់ ពន្ធនាគារពី១ (មួយ) ខែ ដល់៣ (បី) ខែ។
ករណីបទល្មើសបានប្រព្រឹត្តច្រើនដង ការផ្តន្ទាទោសត្រូវគុណនឹងចំនួននៃការប្រព្រឹត្ត។ ករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដងនៃទោសពីមុន៕