(ដូហា)៖ ក្រុមជម្រើសជាតិអាល្លឺម៉ង់ និងជម្រើសជាតិជប៉ុន ធ្លាប់ជួបគ្នាចំនួន ៤លើកនាពេលកន្លង ក្នុងនោះដែរក្រុមឥន្រ្ទីដែកបានយកឈ្នះសាម៉ូរៃខៀវជប៉ុន ២លើក ខណៈដែលក្រុមទាំងពីរត្រៀមប៉ះគ្នាលើកទី៥ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា នាម៉ោង ៨៖០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា)។

លទ្ធផល ៤លើកមុននោះ អាល្លឺម៉ង់រកបានលទ្ធផលឈ្នះ ២លើកប៉ុណ្ណោះ នៃការប្រកួតក្នុងកម្មវិធី Amateur នៅឆ្នាំ១៩៦៣ រកបានលទ្ធផលស្មើ ១-១ ហើយនៅឆ្នាំ១៩៦៨ ក្រុមអាល្លឺម៉ង់យកឈ្នះជប៉ុន ១-០។ លុះដល់ឆ្នាំ២០០៤ ជាការប្រកួតមិត្តភាពអន្តរជាតិ (International Friendly) អាល្លឺម៉ង់ ក៏បានយកឈ្នះ ៣-០ ខណៈការប៉ះគ្នាចុងក្រោយនៅឆ្នាំ២០០៦ ក្រុមទាំងពីររកបានលទ្ធផលស្មើគ្នាទៀត ២-២។

គួរបញ្ជាក់ផងថា នេះជាការប៉ះគ្នាលើកទី៥ នៅយប់នេះរវាងក្រុមអាល្លឺម៉ង់ និងក្រុមជប៉ុន និងជាការជួបគ្នាលើកទី១ របស់ពួកគេផងដែរក្នុងព្រឹត្តិការណ៍ World Cup ដែលស្ថិតក្នុងពូល E នៃការប្រកួតវគ្គចែកពូលក្នុងកីឡដ្ឋាន Khalifa៕