(អាមេរិក)៖ ខ្សែភាពយន្តបែបប្រវត្តិសាស្រ្តដ៏ល្បី គឺ «Avatar» វគ្គថ្មី ផលិតដោយអ្នកដឹកនាំរឿង James Cameron ត្រូវបានរាយការណ៍មកថា នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងប្រទេសចិន នាខែធ្នូ ខាងមុខនេះ បន្ទាប់ពីរឿងមួយនេះ បានពន្យារពេលបញ្ចាំងជាច្រើនដង ដោយសារកូវីដ-១៩។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេសចិន ត្រូវបានគេចាត់ទុកថា ជាទីផ្សារភាពយន្តដ៏ធំបំផុតមួយនៅលើពិភពលោក  ហើយរោងភាពយន្តនៅក្នុងប្រទេសចិន បានបើកឡើងវិញអស់រយៈពេលជាច្រើនខែមកហើយ បន្ទាប់ពីបានបិទទ្វារដោយសារការឆ្លងរាតត្បាត របស់វីរុសកូវីដ-១៩ ខណៈរឿង «Avatar: The Way of Water» គឺជាភាពយន្តបរទេសមួយ ក្នុងចំណោមភាពយន្តបរទេសជាច្រើនទៀត ដែលបានចូលមកដល់ទីផ្សារប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

គួរជម្រាបថា ខ្សែភាពយន្ត «Avatar» វគ្គមុន ដែលចាក់បញ្ចាំងលើកដំបូងក្នុងឆ្នាំ២០០៩ ត្រូវបានគេដឹងថា កាន់កាប់តំណែងខ្សែភាពយន្ត ដែលរកចំណូលបានច្រើនជាងគេបំផុត នៅក្នុងពិភពលោក អស់រយៈពេលមួយទសវត្សរ៍ ហើយទើបតែក្នុងឆ្នាំ២០១៩ កន្លងទៅទេ ដែលខ្សែភាពយន្តនេះ ត្រូវបានទម្លាក់ចេញពីតំណែងកំពូលនេះ ដោយខ្សែភាពយន្តរឿង Avengers: Endgame របស់ក្រុមហ៊ុន Marvel៕