(ដូហា)៖ រូបថតដែលកូរ៉េខាងជើង បញ្ចាំងព្រឹត្តិការណ៍ World Cup 2022 បានផ្ទុះខ្លាំងលើបណ្តាញសង្គម ទោះប្រទេសមួយនេះ មិនបានទិញសិទ្ធិផ្សព្វផ្សាយក៏ដោយ។ នេះបើតាមការអះអាងដោយ Sportbible នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ការប្រកួត World Cup ឆ្នាំនេះ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដែលម្ចាស់ផ្ទះកាតា ចាញ់អេក្វាឌ័រ ក្នុងលទ្ធផល ២ទល់នឹង០ ។ Korea Central TV [KCTV] បានផ្សាយពីការប្រកួតបើកឆាក World Cup 2022 រវាងកាតានិងអេក្វាឌ័រ ដោយមានសញ្ញាលួចចម្លងពីប្រភពដើម។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា «ដូចជាការផ្សាយនៅលើអ៉ីនធឺណិតដែរ គឺនិមិត្តសញ្ញារបស់អ្នកផ្សាយដើម ត្រូវបានធ្វើឲ្យព្រិលនៅជ្រុងខាងឆ្វេងខាងលើ»។ ការផ្សាយនោះ ក៏ឃើញមានការប្រកួតអង់គ្លេស ដែលឈ្នះអ៉ីរង់ ក្នុងលទ្ធផល ៦ទល់នឹង២ ផងដែរ។

កូរ៉េខាងជើង ត្រូវបានគ្រប់គ្រងដោយអំណាចផ្តាច់ការដ៏យូរជាងគេលើពិភពលោក ដោយត្រកូលគីម អស់ចំនួន ៣ជំនាន់ហើយ។ Kim Jong-un គឺជាមេដឹកនាំកំពូលបច្ចុប្បន្ន និងជាអ្នកគាំទ្រក្លិបបាល់ទាង់អង់គ្លេស Manchester United ។

កូរ៉េខាងជើង បានចូលរួមប្រកួត World Cup ចំនួន២លើក នៅឆ្នាំ១៩៦៦ និងឆ្នាំ២០១០ ។ កាលពីសប្តាហ៍មុន ប្រធាន FIFA លោក Gianni Infantino បានលើកឡើងគួរឲ្យចាប់អារម្មណ៍ថា គាត់ចង់ឲ្យកូរ៉េខាងជើង ធ្វើជាម្ចាស់ផ្ទះរៀបចំ World Cup ។

ពេលថ្លែងអំពីភាពចម្រូងចម្រាស ទាក់ទងនឹងកាតា ធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup 2022 នោះ លោក Infantino បានលើកឡើងថា «គ្រប់ប្រទេសគួរតែត្រូវបានអនុញ្ញាត ឲ្យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ»៕