(ដូហា)៖ ក្រុមជម្រើសជាតិសាំម៉ូរ៉ៃជប៉ុន វាយបកយកឈ្នះលទ្ធផល ២-១ ទៅលើក្រុមឥន្ត្រីដែកអាល្លឺម៉ង យ៉ាងអស្ចារ្យនៃការប្រកួតសន្សំពិន្ទុស្ថិតក្នុងពូល E លើកទី១ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នាកីឡដ្ឋាន Khalifa ប្រទេសកាតា។

ស្ថិតក្នុងការប្រកួតខាងលើនេះតង់ទី១ ក្រុមខ្លាំងអាល្លឺម៉ង់ រកបានការនាំមុខមុន ១គ្រាប់នៅនាទី៣៣ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចរបស់ខ្សែបម្រើ Ilkay​ Gundogan ដ្បិតគ្រាប់បាល់ស៊ុតដោយ Havertz ត្រូវបានអជ្ញាកណ្តាលសម្រេចមិនផ្តល់ឱ្យក្រោយត្រួតពិនិត្យ (VAR) ក្នុងនាទី៤៥ + ៤។ ខណៈចូលតង់ទី២ ការព្យាយាមរបស់ក្រុមជប៉ុន បានវាយបករកគ្រាប់តាមស្មើ ១គ្រាប់វិញនៅនាទី៧៥ ជាការស៊ុតរបស់កីឡាករ Ritsu Doan និងគ្រាប់ជ័យជម្នះរកបាននៅនាទី៨៣ ដោយកីឡាករ Takuma Asano។

សូមបញ្ជាក់ផងថា ប្រកួតបន្ទាប់លើកទី២ នៃពូល E ក្រុមជប៉ុន បន្តទៅប៉ះក្រុមកូស្តារីកា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ ហើយក្រុមអាល្លឺម៉ង់ ជួបក្រុមអេស្ប៉ាញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៃការប្រជែងដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ជាបន្តទៀត៕