(ដូហា)៖ ក្រុមជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះក្រុមកូស្តារីកា ៧-០ នៃវគ្គសន្សំពិន្ទុក្នុងពូល E (លើកទី១) ក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 ដែលពួកគេរកបាន ៣ពិន្ទុស្មើជាមួយក្រុមជប៉ុន ឈរកំពូលតារាងជាបណ្តោះអាសន្ន។

តង់ទី១ ការប្រកួតបានត្រឹម ១១នាទីក្នុងកីឡដ្ឋាន Al Thumama ក្រុមអេស្ប៉ាញ រកបាន ១គ្រាប់ដោយការស៊ុតរបស់កីឡាករ Dani Olmo ហើយមិត្តរួមក្រុម Marco Asensio បន្តរកបាននៅនាទី២១​ ពេលដែលកីឡាករ Ferran Torres ស៊ុតបានគ្រាប់ទី៣ ដោយបាល់ពិន័យ ១១ម៉ែត្របានសម្រេចនៅនាទី៣១។

ចូលតង់ទី២ ក្រុមអេស្ប៉ាញ ដែលដឹកនាំដោយលោក Luis Enrique នៅតែបន្តរកបានគ្រាប់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Ferran Torres នៅនាទី៥៤ និងកីឡាករវ័យក្មេង Gavi រកបាននៅនាទី៧៥ ខណៈដែលកីឡាករ Carlos Soler ធ្វើបាននៅនាទី៩០ ពេលដែលខ្សែប្រយុទ្ធ Alvaro Morata រកបាននៅនាទី៩០ +៣។

សូមបញ្ជាក់ផងថា ប្រកួតលើកទី២ ស្ថិតក្នុងពូល E វគ្គចែកពូលសន្សំពិន្ទុ ក្រុមអេស្ប៉ាញ បន្តជួបក្រុមអាល្លឺម៉ង់ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្រោយពេលក្រុមជប៉ុន ប៉ះក្រុមកូស្តារីកា នាថ្ងៃទី២៧ ខែដដែល ឆ្នាំ២០២២នេះ នៃការប្រជែងដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ជាបន្តទៀត៕