(ដូហា)៖ កីឡាករ Son Heung-min របស់កូរ៉េខាងត្បូង នឹងអាចលេងដោយពាក់ម៉ាស់ នៅក្នុងការប្រកួតបើកឆាកក្នុងពូល H នៅព្រឹត្តិការណ៍ World Cup ប៉ះក្រុមអ៊ុយរ៉ាហ្គាយនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមសម្តីគ្រូបង្វឹក Paulo Bento បានលើកឡើង ខណៈខ្សែប្រយុទ្ធឆ្នើមរូបនេះបានវិលត្រឡប់ពីការវះកាត់ ដើម្បីរក្សាឆ្អឹងរង្វង់ភ្នែក ផ្នែកខាងឆ្វេងរបស់លោក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

Son បានរងរបួសនៅក្នុងការប្រកួតលីគ UEFA Champions League របស់ក្លិប Tottenham Hotspur ប៉ះ Olympique de Marseille កាលពីដើមខែនេះ ហើយបានធ្វើឲ្យមានភាពសង្ស័យចំពោះវត្តមានកីឡាករវ័យ ៣០ឆ្នាំរូបនេះ ក្នុងភាពសមស្របសម្រាប់ការប្រកួតជម្រុះក្នុងពូលនៅព្រឹត្តិការណ៍ World Cup។

«Sonny នឹងអាចលេងបានដោយពាក់ម៉ាស់ការពារ» នេះបើតាមសម្តីលោក Bento បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធ។

សូមជម្រាបថា ការប្រកួតជម្រុះក្នុងពូល H កូរ៉េខាងត្បូង នឹងត្រូវប៉ះអ៊ុយរ៉ាហ្គាយ នៅថ្ងៃទី២៤ ខែវិច្ឆិកា និងប៉ះហ្គាណា នៅថ្ងៃទី២៨ ខែវិច្ឆិកា មុនប៉ះព័រទុយហ្គាល់ នៅថ្ងៃទី០២ ខែធ្នូខាងមុខ៕