(អាល់រ៉េយ៉ាន)៖ ខ្សែការពារ Yasser Al-Shahrani របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ទំនងជាត្រូវបញ្ចប់ការលេងរបស់លោកនៅឯព្រឹត្តិការណ៍ World Cup សម្រាប់ឆ្នាំនេះហើយ ខណៈលោកនឹងត្រូវទទួលការវះកាត់ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរលើផ្ទៃមុខ អំឡុងពេលប្រកួតឈ្នះដោយលទ្ធផល ២-១ ក្នុងពូល C លើក្រុមអាហ្សង់ទីនកាលពីថ្ងៃអង្គារ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

Al-Shahrani បានដួលលើដី បន្ទាប់ពីបានប៉ះគ្នាជាមួយនឹងមិត្តរួមក្រុមជាអ្នកចាំទី Mohammed Al-Owais ហើយត្រូវបានគេលើកចេញពីទីលាន។

«Yasser Al-Shahrani កំពុងធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ National Guard Hospital នៅទីក្រុង Riyadh ហើយនឹងត្រូវទទួលការវះកាត់ នៅរយៈពេលប៉ុន្មានម៉ោងខាងមុខ តាមផែនការសង្គ្រោះរបស់ក្រុមវេជ្ជបណ្ឌិត» នេះបើតាមសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីតបានប្រាប់ឲ្យដឹង។

សារព័ត៌មាន Reuters មិនអាចសុំការអត្ថាធិប្បាយបាននោះទេ ពីសំណាក់មន្ត្រីសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត ស្តីពីការចូលរួមរបស់កីឡាកររូបនេះ បន្ទាប់ពីការជម្រុះក្នុងពូល ២ប្រកួតដែលនៅសល់នោះ៕