(មេនឆេស្ទឺ)៖ អ្នកចាត់ការក្លិប Manchester City លោក Pep Guardiola បានចុះហត្ថលេខាលើកិច្ចសន្យាបន្តរយៈពេល ២ឆ្នាំថែមទៀត មានន័យថា លោកនឹងបន្តដឹកនាំក្លិបម្ចាស់ពានរង្វាន់ Premier League នេះរហូតដល់ឆ្នាំ២០២៥។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

បុរសវ័យ ៥១ឆ្នាំរូបនេះបានដឹកនាំក្លិប City ដណ្តើមបានពានរង្វាន់ Premier League ចំនួន៤, ពានរង្វាន់ League Cups ចំនួន៤ និងពានរង្វាន់ FA Cup ១ផងដែរ ចាប់តាំងពីចូលបំពេញការងារក្នុងឆ្នាំ២០១៦ ហើយកិច្ចព្រមព្រៀងរបស់លោកបច្ចុប្បន្ននឹងផុតកំណត់នៅរដូវក្តៅខាងមុខ។

រយៈពេលបច្ចុប្បន្នរបស់លោក Guardiola កាន់តួនាទីនៅឯក្លិប City គឺជារយៈពេលយូរជាងគេបំផុតរបស់លោក ក្នុងការដឹកនាំក្លិបមួយ គិតចាប់តាំងពីលោកមានអាជីពជាអ្នកចាត់ការក្នុងឆ្នាំ២០០៨ មក។

បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្លិបនៅប្រទេសកំណើតរបស់ខ្លួន FC Barcelona ចាប់ពីឆ្នាំ២០០៨ ដល់២០១២ និងបានចំណាយពេល ៣ឆ្នាំ ដឹកនាំក្លិបអាល្លឺម៉ង់ Bayern Munich មុនពេលចូលរួមជាមួយក្លិប City។

City កំពុងស្ថិតក្នុងលំដាប់ទី២ ក្នុងលីគកំពូលអង់គ្លេស ដោយមាន ៣២ពិន្ទុពីការលេង ១៤ប្រកួត និងដាច់ ៥ពិន្ទុនៅពីក្រោយក្រុមនាំមុខ Arsenal ខណៈរដូវកាលប្រកួតត្រូវបានផ្អាកសិន ដោយសារមានព្រឹត្តិការណ៍ World Cup នៅកាតា៕