(បរទេស)៖ បន្ទាប់ពីពិចារណាទៅលើការត្អូញត្អែររបស់អ្នកប្រើប្រាស់ជិតកន្លះឆ្នាំមកនេះ ពេលនេះក្រុមឃ្លាំមើលការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេសបានចាប់ផ្តើមបើកការស៊ើបអង្កេតស៊ីជម្រៅទៅលើការគ្របដណ្តប់ទីផ្សារនៃកម្មវិធីស្មាតហ្វូន Apple និង Google ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

អជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) បានប្រកាសបង្ហាញនៅថ្ងៃអង្គារថា ជាការឆ្លើយតបទៅនឹងបញ្ហារបស់អ្នកប្រើប្រាស់កាលពីខែមិថុនា ពេលនេះយើងទទួលបាន«ការគាំទ្រយ៉ាងច្រើន» សម្រាប់ការស៊ើបអង្កេតអំពីរបៀបដែល Apple និង Google គ្រប់គ្រងទីផ្សារចក្រភពអង់គ្លេស រួមជាមួយនឹងរបៀបដែល Apple ដាក់កម្រិតលើការលេងហ្គេមនៅលើ Cloud តាមរយៈ App Store របស់ខ្លួន។

ជុំវិញការស៊ើបអង្កេតនេះ អ្នកស្រី Sarah Cardell នាយកប្រតិបត្តិគ្រប់គ្រងបណ្តោះអាសន្ននៃ CMA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ម្ចាស់អាជីវកម្មចក្រភពអង់គ្លេស និង Developer ជាច្រើនបានត្អូញត្អែរបា្រប់យើងថា ពួកគេកំពុងតែមានអារម្មណ៍ថាត្រូវបានដាក់កំហិតយ៉ាងតឹងរឹងទៅលើការប្រើប្រាស់ Mobile Browser ដោយ Apple និង Google»។ ក្នុងករណីនេះ អ្នកស្រី Cardell បានបន្ថែមទៀតថា «យើងនឹងដាក់ការស៊ើបអង្កេតយ៉ាងតឹងរឹង ថាតើការព្រួយបារម្មណ៍ដែលយើងបានឮ ពិតជាសមហេតុផលដែរឬទេ ប្រសិនបើវាដូចទៅនឹងការលើកឡើងរបស់អ្នកប្រើប្រាស់ដូច្នេះមែន ទាំង Google និង Apple នឹងត្រូវបានកំណត់ជំហានដើម្បីកែលម្អវិស័យ «Browser Engine» នៅក្នុងចក្រភពអង់គ្លេសទាំងស្រុង»

យ៉ាងណាបន្ទាប់ពីចេញព័ត៌មាននេះភ្លាមខាង Apple បានអះអាងថា ខ្លួននឹងចូលរួមសហការ «ជាមួយ CMA ដើម្បីពន្យល់ពីរបៀបដែលខ្លួនដំណើរការ រួមជាមួយនឹងការធានាឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់»។ ដោយឡែកភាគីខាង Google វិញហាក់មិនគាំទ្រនោះទេ ដោយប្រកែកថា ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនពិតជាបានបំពេញនឹងតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើនតាមរយៈពេល Platform ផ្សេងៗនៅលើទូរស័ព្ទដៃ៕