(បរទេស)៖ ការហាមឃាត់ការនាំចេញរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនផលិតបន្ទះឈីបចិន Yangtze Memory Technologies (YMTC) បានបង្ខំឱ្យ Apple ងាកទៅរកជំនួយពី Samsung។ ពោលគឺ Apple នឹងចាប់ផ្តើមទិញ Memory Chip ពីក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ជំនួសវិញសម្រាប់ iPhone ជំនាន់ក្រោយរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

កាលពីដើមឆ្នាំនេះ ប្រភពពី Bloomberg បានរាយការណ៍ថា Apple កំពុងគិតគូរភាពជាដៃគូរជាមួយនឹងក្រុមហ៊ុន YMTC ក្នុងការផ្គត់ផ្គង់ NAND flash memory chip សម្រាប់ iPhone របស់ខ្លួនដែលដាក់លក់នៅក្នុងទីផ្សារប្រទេសចិន ជាមួយនឹងលទ្ធភាពនៃការទិញបន្ទះឈីបរហូតដល់ ៤០ភាគរយឯណោះ។

តែយ៉ាងណាកាលពីខែមុនផែនការទាំងនោះត្រូវបានផ្អាកទាំងស្រុងនៅពេលដែលក្រុមហ៊ុន YMTC និងអង្គភាពផលិតរបស់ចិនប្រមាណ ៣០ផ្សេងទៀតត្រូវបានអាមេរិកបញ្ចូលទៅក្នុងបញ្ជី«Unverified»។ លើសពីនេះទៅទៀតក្រុមហ៊ុនចិនទាំងនេះ រួមជាមួយនឹង YMTC ក៏ត្រូវបានគេរំពឹងថា វាទំនងដូចទៅនឹងរបាយការណ៍ចេញផ្សាយកន្លងមកដែលថា អាមេរិកនឹងចុះចូលបញ្ជីខ្មៅនៅដើមខែធ្នូខាងមុខនេះ សម្រាប់ការរឹតបន្តឹងពាណិជ្ជកម្ម។

គួរបញ្ជាក់ដែរថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិនរួមជាមួយនឹងជំងឺរាតត្បាត Covid-19 បានបង្ខំឱ្យ Apple បញ្ចៀសខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនកាន់តែឆ្ងាយពីទឹកដីប្រទេសចិន។ ដោយឡែកព័ត៌មានថ្មីៗនេះ Apple កំពុងតែងាកទៅចាប់ដៃគូរបន្ទះឈីបពីរោងចក្រនៅ Arizona ហើយយ៉ាងយូរត្រឹមឆ្នាំ២០២៤ ក្រុមហ៊ុនអាមេរិកដ៏ធំមួយនេះនឹងផ្លាស់ប្តូរការផលិតស្ទើតែទាំងស្រុងចេញពីប្រទេសចិនទៅកាន់ ឥណ្ឌា និងអាស៊ីអាគ្នេយ៍ជំនួសវិញ៕