(ភ្នំពេញ)៖ សហគ្រិនខ្មែរ (Khmer Enterprise) សហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ ​(NIEI)​​​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានរកឃើញ និងប្រគល់ពានរង្វាន់ដល់ម្ចាស់សហគ្រាសដែលបានចូលរួមប្រកួតក្នុងកម្មវិធី «ពានរង្វាន់សហគ្រិនថ្នាក់​ជាតិឆ្នាំ២០២២»​

ពិធីប្រគល់នេះ បានធ្វើឡើងក្រោមវត្តមា​នលោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងមានការចូលរួមពីលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ។

ក្រោយពីការប្រកួតប្រជែងដ៏ស្វិតស្វាញ គណៈកម្មការវាយតម្លៃ បានពិភាក្សាយ៉ាងហ្មត់ចត់ និងសម្រេចជ្រើសរើសជ័យលាភី ៤រូប តាមចំណាត់ថ្នាក់ដូចជា៖ ម្ចាស់ជ័យលាភីលេខ១ បានទៅលើលោក ឈរ រិទ្ធី (ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក មកពីខេត្តតាកែវ) , ម្ចាស់ជ័យលាភីលេខ២ បានទៅលើ លោកស្រី ទ្រី មុយគា (សហគ្រាសផលិតឱសថប៉េប៉េអឹម មកពីរាជធានីភ្នំពេញ), ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ លោកស្រី ងន វ៉ាន់ថា (សហគ្រាស Color Silk Enterprise មកពីរាជធានីភ្នំពេញ) និង ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោកស្រី ម៉ៅ សុធា (ក្រុមហ៊ុន SHE Agrocam Products Co., Ltd មកពីខេត្តកណ្តាល)។

ម្ចាស់ជ័យលាភីលេខ១ ទទួលបានរង្វាន់ជាទឹកប្រាក់សរុប ១ម៉ឺនដុល្លារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សហរដ្ឋអាមេរិក មានឱកាសធ្វើជាទីប្រឹក្សា «វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍» (NIEI) ជាវាគ្មិនកិត្តិយសក្នុងកម្មវិធី សហគ្រិនរបស់វិទ្យាស្ថាន, ជាតំណាងរបស់វិទ្យាស្ថានចូលរួមប្រកួតប្រជែងពានរង្វាន់សហគ្រិនក្នុងតំបន់ ជាអ្នកផ្ដល់ពិន្ទុ សម្រាប់កម្មវិធី «ពានរង្វាន់សហគ្រិនថ្នាក់ជាតិ» នៅឆ្នាំក្រោយ ព្រមទាំងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់ដោយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

គួររម្លឹកថា នេះជាលើកទី៣ ហើយដែល «កម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ» បានប្រព្រឹត្តទៅដើម្បីលើកទឹកចិត្តសហគ្រិនកម្ពុជាឲ្យបើកបង្ហាញគំនិតអាជីវកម្ម របស់ខ្លួន និងសមិទ្ធផលដែលសម្រេចបានដល់គណៈកម្មការវាយតម្លៃនិងដាក់ពិន្ទុដើម្បីទទួលបាន ដំបូន្មានល្អៗការលើកទឹកចិត្តនិងអបអរសាទរជាសាធារណៈដល់ម្ចាស់ជ័យលាភីដែលបានខិតខំប្រឹង ប្រែងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនហើយបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាក់ស្តែងការប្រកួតប្រព្រឹត្តទៅដោយមានការដាក់ពាក្យចំនួន ២៥៤ ក្រុមហ៊ុន មកពីទូទាំងប្រទេសកម្ពុជាដែលការផ្សព្វផ្សាយបានបែងចែកជា៥ តំបន់រួមមាន​៖ តំបន់បាត់ដំបង តំបន់សៀមរាប​ តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល។

គួរជម្រាបថា សហគ្រិនខ្មែរត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ សហគ្រិនភាព តាមរយៈការគាំទ្រទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពដូចជាវិស័យ បច្ចេកវិទ្យាគមនាគន៍ សេវាកម្ម កសិកម្ម និងផលិតកម្ម ឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕