(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករឈានមុខគេរបស់កម្ពុជា បានចូលរួមក្នុងសិក្ខាសាលាអំពីបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ដែលរៀបចំដោយ Cambodia Network Operators Group – KHNOG ក្នុងនាមជាអ្នកឧបត្ថម្ភ និងជាតួអង្គសំខាន់មួយនៅក្នុងវិស័យសន្តិសុខឌីជីថល និងការផ្លាស់ប្តូរឆ្ពោះទៅកាន់ឌីជីថលនៅប្រទេសកម្ពុជា ។

សិក្ខាសាលា KHNOG គឺជាវេទិកាប្រចាំឆ្នាំមួយសម្រាប់បណ្តាញប្រតិបត្តិករនានា ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចូលរួមក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍បច្ចេកទេស និងប្រតិបត្តិការ ព័ត៌មានស្តីពីបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងប្រធានបទដែលទាក់ទងផ្សេងៗទៀតអំពីវិស័យឌីជីថល។

ការផ្លាស់ប្តូរទៅកាន់ឌីជីថលណាមួយក៏ដោយ តែងតែចាប់ផ្តើម និងបញ្ចប់ពី ប្រតិបត្តិការនៃសេវាបណ្តាញ នែតវ៉ើក (Network) ដោយសារវាជាឆ្អឹងខ្នងដែលផ្សារភ្ជាប់ឧបករណ៍ទំនើប ទៅនឹងកម្មវិធីផ្សេងៗ ក៏ដូចជាប្រព័ន្ធផ្ទុកពត៌មានផងដែរ។ សេវាបណ្តាញ គឺជាប្រព័ន្ធសរសៃឈាមរបស់អាជីវកម្មនានា ដែល ជំរុញទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់ទៅកាន់ដៃគូ ទៅកាន់អ្នកផ្គត់ផ្គង់ និងត្រឡប់មកវិញ។ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្មប្រត្តិបត្តករក្នុងការប្រាស្រ័យទំនាក់ទំនង និងផ្លាស់ប្តូរជំនាញបន្ថែមទៀតទៅវិញទៅមកនៅក្នុងសហគមន៍អ្នកបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ដើម្បីធានាឲ្យបាននូវបណ្តាញដ៏សំខាន់មួយ ដែលប្រកបដោយស្ថេរភាព។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំកម្មវិធីក្នុងរយៈពេលបីឆ្នាំកន្លងមក សិក្ខាសាលា KHNOG ត្រូវបានប្រារព្ធ ឡើងជាលើកទី ៤ កាលពីថ្ងៃអាទិត្យ 20 វិច្ឆិកា 2022 នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីមួយនេះមានគោលបំណង ប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានឡើងដូចជា សន្តិសុខអ៊ីនធឺណិត និងបណ្តាញ សុវត្ថិភាពការប្រើប្រាស់ និងកម្មវិធីផ្សេងៗនៅលើប្រព័ន្ធអ៊ីនធឺណិតជាដើម។

លោកស្រី វេង កញ្ញា សហប្រធានប្រតិបត្តិនៃស្ថាប័ន KHNOG បានមានប្រសាសន៍ថា «តំណាងឲ្យក្រុមការងារKHNOG នាងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានចូលរួមឲ្យព្រឹត្តិការណ៍នេះដំណើរការទៅបាន។ យើងខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាអាចចូលរួម និងចែករំលែកបទពិសោធជាមួយគ្នាដើម្បីកសាងសហគមន៍បច្ចេកវិទ្យាពត៌មាន ឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រទេសកម្ពុជា»

លោក Andrey Kuzin នាយកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Smart Axiata បានចូលរួមនៅក្នុងកិច្ចពិភាក្សាអំពី ការវិវត្តិរបស់ប្រទេសកម្ពុជាក្នុងការឆ្ពោះទៅរកការផ្លាស់ប្តូរឌីជីថលផងដែរ។

លោកបាននិយាយថា «ការផ្លាស់ប្តូរទៅកាន់ឌីជីថល គឺពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្ម សម្រាប់បន្ត ដំណើរការ ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងរក្សាការប្រកួតប្រជែងនៅលើទីផ្សារ។ ភាពជោគជ័យនៃការផ្លាស់ប្តូរទៅកាន់ឌីជីថល គឺអាស្រ័យទៅលើជំនាញរបស់បុគ្គលិករបស់ស្ថាប័ន»

លោកក៏បានលើកឡើងពីសារៈសំខាន់នៃការសម្រេចចិត្តនៅក្នុងស្ថាប័ន ដោយផ្អែកទៅលើទិន្ន័យ និងតួនាទីដ៏សំខាន់របស់សេវាបណ្តាញក្នុងការចូលរួមកសាងសេដ្ឋកិច្ចឌីជីថលមួយនៅកម្ពុជា ដែលប្រកបដោយបរិយាបន្ន។

«ដោយសារពួកយើង [ក្រុមហ៊ុន Smart Axiata] នៅក្នុងវិស័យទូរគមនាគមន៍ ការផ្សារភ្ជាប់ទំនាក់ទំនង (Connectivity)គឺជាធាតុសំខាន់មួយក្នុងការរក្សានូវលំហូរព័ត៌មាន ព្រោះវាជះឥទ្ធិពលទៅលើអាជីវកម្មគ្រប់ប្រភេទ ក៏ដូចជាប្រទេសទាំងមូល ដោយសារតែ ការផ្សារភ្ជាប់ទំនាក់ទំនង គឺជាមធ្យោបាយក្នុងការរួមបញ្ចូលមនុស្សគ្រប់ប្រភេទ ទៅក្នុងសេដ្ឋកិច្ចទំនើប»

បន្ថែមពីលើការពិភាក្សាខាងលើ ក្រុមការងាររបស់ Smart Axiata ក៏បានចូលរួមផ្តល់បទបង្ហាញ អំពីប្រធានបទសំខាន់ៗចំនួនពីរនៅក្នុងវិស័យឌីជីថល រួមមានវិញ្ញាបនប័ត្រសុវត្ថិភាពផ្នែកឌីជីថល (Digital Security Certification) និងការប្រើប្រាស់កម្មវិធី Open API (Application Program Interface)។

ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែផ្តោតសំខាន់ទៅលើការជំរុញការផ្លាស់ប្តូរទៅកាន់ឌីជីថលនៅក្នុងប្រទេស។ ដើម្បីផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងលូន និងគួរឲ្យទុកចិត្តបានទូទាំងប្រទេស ក្រុមហ៊ុន Smart Axiata បាននិងកំពុងធ្វើឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់នូវបណ្តាញដែលមានល្បឿនលឿន ប្រកបដោយសុវត្ថិភាព និងមានភាពរហ័ស។ ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំថា ក្នុងការអភិវឌ្ឍបណ្តាញ និងដំណើរការឌីជីថលឲ្យកាន់តែល្អប្រសើរជាងមុន សម្រាប់ការជំរុញសេដ្ឋកិច្ច និងប្រសិទ្ធភាពប្រតិបត្តិការ ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ ជាច្រើនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា៕