(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបង្ហើបថា មានសហព័ន្ធកីឡាខ្លះសប្បាយចិត្ត បន្ទាប់ពីកីឡាដ៏មានសក្ដានុពលមួយនេះ មិនបានចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ការលើកឡើងនេះ ក្រោយកីឡាតេក្វាន់ដូ ITF បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនៅវិមាននៃពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។

ក្នុងពិធីបិទការប្រកួតខាងលើលោកបានរំឮក ក៏ដូចជាការសោកស្ដាយជាថ្មីដែលតេក្វាន់ដូ ITF មិនបានចូលរួមស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។ លោកបន្ដថា ការខកខាននេះមិនមែនកីឡារបស់ខ្លួនខ្សោយទេ គឺដោយសារខ្លាំងពេក ធ្វើឲ្យប្រទេសមួយចំនួន ដើរខ្ទប់បណ្ដាប្រទេសអាស៊ានមិនឲ្យបញ្ជូនអត្តពលិកមកចូលរួមក្រោមហេតុផលនយោបាយ។ តែអ្វីដែលធ្វើឲ្យលោកសម្ដែងការហួសចិត្ត គឺមានសហព័ន្ធកីឡាកម្ពុជាខ្លះ បែរជាសប្បាយចិត្តពេលតេក្វាន់ដូ ITF អត់បានប្រកួតស៊ីហ្គេមទៅវិញ ទោះបីរាជរដ្ឋាភិបាលមានការគាំទ្រពេញទំហឹងក៏ដោយ។ តែលោកមិនបានបញ្ចេញឈ្មោះសហព័ន្ធណានោះទេ។

លោកបន្ដថា «ខ្ញុំស្ដាយត្រង់សហព័ន្ធកីឡាខ្លះក្នុងប្រទេសកម្ពុជាយើង អត់ស៊ីជម្រៅទេ ទៅលេងល្បែងបរទេស ទប់ស្កាល់សប្បាយចិត្ត ពេលតេក្វាន់ដូ ITF របស់យើង មិនបានចូលស៊ីហ្គេម ទៅជាគាត់សប្បាយចិត្ត។ តាមពិតបើសិនគាត់គិតពីផលប្រយោជន៍ជាតិ គាត់អត់មានត្រូវសប្បាយចិត្តទេ គឺជាការបាត់បង់មេដាយយ៉ាងច្រើនដែលយើងសន្យា។ ខ្ញុំសូមជម្រាបជូន យើងនិយាយការពិត ខ្ញុំបានជម្រាបជូនទៅសម្ដេចពិជ័យសេនា ទៀ បាញ់ បើ ITF បានចូលស៊ីហ្គេម មិនមែននាំយកមេដាយ ១ ឬ ២ មកបង្ហាញទេ ខ្ញុំយកការ៉ុង ឬថង់ មកដាក់មេដាយមាស ក្រឡុកឲ្យមើលហ្មង»

ភ្ជាប់ជាមួយការលើកឡើងខាងលើ លោកក៏បានបកស្រាយពីមូលហេតុនៃការសម្រេចចិត្តធ្វើលិខិតលាឈប់ពីតំណែងអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិ និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ផ្ញើទៅកាន់លោក Ri Yong Son ប្រធានសហព័ន្ធតេក្វាន់ដូ ITF អន្តរជាតិកាលពីថ្មីៗផងដែរថា ដោយសារលោកស្អប់ការយកកីឡា ភ្ជាប់នឹងរឿងនយោបាយ ទើបលោកសម្រេចដូច្នេះ ទាំងដែលមានបណ្ដាប្រទេសជាច្រើនលើពិភពលោក បានផ្ញើសារមកឲ្យលោកបន្ដតំណែងទៀតក៏ដោយ។

លោក កែវ រ៉េមី ថា ក្រោយផ្ញើលិខិតលាឈប់ពីតំណែងសំខាន់ៗខាងលើមានប្រទេសជាច្រើន បានផ្ញើសារមកគាំទ្រលោកឲ្យបន្ដការដឹកនាំ កុំលាឈប់ពីស្ថាប័នទាំងពីរ ក្រោមហេតុផលការគិតពីផលប្រយោជន៍រួមនៃតេក្វាន់ដូ ITF។ លោកថា «គេគិតផលប្រយោជន៍រួមនៃក្បាច់គុន ITF ហើយគេគាំទ្រខ្ញុំ យើងមានមោទនភាពណាស់។ សហព័ន្ធ ITF ជោគជ័យ មិនមែនជោគជ័យដោយសារខ្ញុំម្នាក់ឯងទេ ជោគជ័យដោយសារកូនៗ (កីឡាករ-កីឡាការិនី) ទាំងអស់ខិតខំប្រឹងប្រែង មានវិន័យ ធ្វើឲ្យខ្លួនយើងខ្លាំង...»

«ហេតុអ្វីបានជា ITF យើងកំពុងតែឡើង ហើយខ្ញុំលាឈប់? ដោយសារខ្ញុំធុញទ្រាន់នឹងរឿងកីឡា ភ្ជាប់នឹងនយោបាយ អាយកកីឡាមកភ្ជាប់នឹងនយោបាយហ្នឹងស្អប់ហ្មង កីឡាសោះ យកឯងទៅភ្ជាប់ជាមួយកូរ៉េខាងជើង។ រឿងកូរ៉េខាងជើងជារឿងរបស់កូរ៉េខាងជើង ហើយកីឡា គឺកីឡា ហើយមកចង់បន្ទោសយ៉ាងម៉េច? បើខ្ញុំហាត់តេក្វាន់ដូ នៅអាមេរិកហ្នឹង! ខ្ញុំមានទៅហាត់ពីកូរ៉េខាងជើងមកពីពេលណា?»។ នេះបើតាមការសង្កត់ធ្ងន់របស់លោក កែវ រ៉េមី។

ប្រមុខសហព័ន្ធតេក្វាន់ដូ ITF កម្ពុជាដដែលបន្ថែមថា «បើសិនជាទប់ស្កាល់ ITF យើងនេះ វាប៉ះពាល់ដល់យុវជនយើងនេះ ជម្រើសជាតិរបស់យើងដែលត្រៀម គ្នាត្រៀមដណ្ដើមមេដាយមាសហើយតើ។ តែនិយាយពីអាអ្នកដឹកនាំកីឡាខ្លះ ថោកហ្មង។ ចិត្តអស់សឿង។ ខ្ញុំចិត្តសឿងណាស់ ចាញ់ ខំប្រឹងប្រែងយកឈ្នះវិញ។ ខ្លួនឯងមើលទៅ អត់មានសង្ឃឹម មិនដេញ មកឈ្នានីសឯងពីក្រោយ មកខ្ទប់យើង ស្ដាយ តែកុំព្រួយក្មួយ (កីឡាករ-កីឡាការិនី) ត្រៀមទៅយកមេដាយជូនជាតិដូចគ្នា នៅ World Championship...»

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតកីឡាជាតិ លើកទី៣ ផ្នែកកីឡាតេក្វាន់ដូ ITF វិញ ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៤៨នាក់ និងប្រកួត ២៨វិញ្ញាសា ជាលទ្ធផលបច្ចេកទេស គឺក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ១១ ប្រាក់ ៣ និងសំរឹទ្ធ ៤គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយមាស ៧ ប្រាក់ ៨ និងសំរឹទ្ធ ៤ ខណៈខេត្តប៉ៃលិន ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ៤ និងសំរឹទ្ធ ៤៕