(ភ្នំពេញ)៖ សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ចប់ការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដោយជោគជ័យ ក្រោយដំណើរការប្រកួត ៥ថ្ងៃ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដោយក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាសពាក់កណ្ដាល ក្នុងចំណោមវិញ្ញាសាសរុបទាំង ១២។

លោក ហេង សុខឃន ប្រធានសហព័ន្ធបានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើង ៥ថ្ងៃ ពីថ្ងៃទី១៩-២៣ ខែវិច្ឆិកា ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំដោយរលូន ទាំងមន្ដ្រីបច្ចេកទេស និងការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនី ដែលជាសញ្ញាណវិជ្ជមានមួយ សម្រាប់ការត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ចំពោះលទ្ធផល នៃប្រភេទកីឡាដ៏មានសក្ដានុពលរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាជាតិខាងលើក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៩គ្រឿង (មាស ៦ ប្រាក់១ និងសំរឹទ្ធ ២) ខណៈក្លិបក្រសួងការពារជាតិ លេខ២ ដណ្ដើមបានមេដាយមាស ៥ និងប្រាក់ ១។ រីឯខេត្តស្វាយរៀង ឈរលេខ៣ ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ២ និងខេត្តបាត់ដំបង ឈរលេខ៤ ឈ្នះមេដាយប្រាក់ ៤ និងសំរឹទ្ធ ២៕