(ភ្នំពេញ)៖ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានសម្ដែងការភ្ញាក់ផ្អើល ក្រោយបណ្ដាខេត្តដណ្ដើមបានមេដាយមាសយ៉ាងច្រើន នៅក្នុងការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ផ្ទុយពីឆ្នាំមុនៗដែលភាគច្រើនមេដាយមាសក្រសោបដោយកីឡាករ-កីឡាការិនីមកពីបណ្ដាក្រសួងមួយចំនួន។

ការលើកឡើងនេះ បន្ទាប់ពីវិញ្ញាសាកីឡាហែលទឹក និងហែលទឹកជនពិការ បានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ក្រោយដំណើរការប្រកួត ៤ថ្ងៃចាប់ពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអត្តពលិកមកពីខេត្តព្រៃវែង និងខេត្តកំពត បានគ្រងកំពូលតារាងមេដាយរៀងខ្លួន ក្នុងការប្រកួតកីឡាហែលទឹក (ជនមិនពិការភាព) និងកីឡាជនពិការ។

សម្រាប់ខេត្តព្រៃវែង បានឈរកំពូលតារាងមេដាយកីឡាហែលទឹក ដោយឈ្នះមេដាយសរុប ១៤គ្រឿង (មាស ៧ ប្រាក់ ៥ និងសំរឹទ្ធ ២ គ្រាដែលក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយមាស ៤ ប្រាក់ ៥ និងសំរឹទ្ធ ៣ និងរាជធានីភ្នំពេញ ឈរលេខ៣ ឈ្នះមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១។ រីឯខេត្តកណ្ដាល ឈរលេខ៤ ឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៤ និងខេត្តបាត់ដំបង ឈរលេខ៥ ឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២។

ចំណែកខេត្តកំពត បានឈរកំពូលតារាងមេដាយ ផ្នែកកីឡាហែលទឹកជនពិការ ដោយឈ្នះមេដាយសរុប ៤គ្រឿង (មាស ៣ និងប្រាក់ ១) តាមពីក្រោយដោយខេត្តកំពង់ចាម ឈ្នះមេដាយមាស ២ និងសំរឹទ្ធ ៣។ ចំណែករាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ឈរលេខ៣ និងលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ ដូចគ្នា។ ឯខេត្តកណ្ដាល ឈរលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ២ និងខេត្តកែប ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខ៦។

លោក ហែម គិរី បានបញ្ជាក់ថា «អ្វីដែលយើងរំភើបនោះ គឺបណ្ដាខេត្តទាំងអស់ ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធច្រើន ពិសេសខេត្តព្រៃវែង ទទួលបានមេដាយមាសច្រើនជាងគេ ហើយក្រសួង ស្ថាប័នចូលរួម គឺទទួលបានមេដាយមាសច្រើនដែរ។ ចឹងបើយើងគិតលើលទ្ធផលបច្ចេកទេសវិញ វាអត់មានការបែងចែកការបរកួតនេះដាច់ពីគ្នាទេ ដោយសារក្រសួង និងខេត្តចូលរួមទាំងអស់ គឺមានធនធានកីឡាករ-កីឡាការិនីល្អៗច្រើន ដែលគាត់អាចដណ្ដើមយកមេដាយមាសបាន ព្រោះពេលខ្លះ ការប្រកួតពីមុនៗ យើងឃើញថា ក្រសួងខ្លះ គាត់ដណ្ដើមបានមេដាយមាសច្រើន ដាច់ឆ្ងាយពីបណ្ដាខេត្ត តែលើកនេះ ទាំងខេត្ត និងក្រសួង គឺមេដាយត្រដំត្រសងគ្នា»។

«នេះសបញ្ជាក់ថា វិញ្ញាសាកីឡាហែលទឹក វាអាចមានការរីកចម្រើនច្រើនទៅតាមបណ្ដាខេត្ត ក៏ដូចជាក្រសួង។ ដូច្នេះខេត្តដែលយើងមានហេដ្ឋារចនាសម្ព័ន្ធ ដូចជាខេត្តបាត់ដំបង ដែលជាខេត្តថ្មី ហើយលើកទី១ មានវិញ្ញាសាហែលទឹកចូលរួមប្រកួតកីឡាជាតិ ក៏ដូចជាខេត្តកណ្ដាល ខេត្តកំពង់ចាម ពិសេសខេត្តចូលរួមទាំងអស់ ទាំងជនពិការ គឺយើងទទួលបានលទ្ធផលល្អ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អគ្គលេខាធិការសហព័ន្ធខាងលើ៕