(បរទេស)៖ កាលពីដើមឆ្នាំ២០២២ កន្លងទៅក្រុមហ៊ុន Microsoft ធ្លាប់បានប្រកាសពីកិច្ចព្រមព្រៀងទិញក្រុមហ៊ុនផលិតហ្គេម Activision ដែលមានតម្លៃប្រមាណ ៦៩ពាន់លានដុល្លារ។ ក៏ប៉ុន្តែរបាយការណ៍ថ្មីនេះបង្ហាញថា កិច្ចព្រមព្រៀងនោះទំនងជាអាចប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ខ្លំាង ខណៈដែល គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) មានបំណងដាក់ពាក្យបណ្តឹងប្រឆាំងនឹងការទុកចិត្តដើម្បីរារាំងកិច្ចព្រមព្រៀងនោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពពីកាសែត Politico បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះកំពុងប្រឈមនឹងការត្រួតពិនិត្យ ដោយក្នុងនោះក្រៅពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបមួយទៀតបានចាប់ផ្តើមបើកការស៊ើបអង្កេតដ៏តឹងរ៉ឹងមួយដែលនឹងចាប់ផ្តើមពីខែវិច្ឆិកានេះតទៅ។ ជាមួយគ្នានេះដែរ អ្នកអនុវត្តការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប បាននិយាយថា ខ្លួននឹងសម្រេចចិត្តនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ថាតើត្រូវអនុញ្ញាតឱ្យបន្តកិច្ចព្រមព្រៀង ឬបិទបញ្ចប់តែម្តង។

ជុំវិញកិច្ចព្រមព្រៀងទិញយកនេះ និយតករប្រឆាំងការទុកចិត្តរបស់ចក្រភពអង់គ្លេសក៏បានលើកឡើងទាក់ទិននឹងកង្វល់ថា ការទិញយកនេះអាចនឹងបំផ្លាញឧស្សាហកម្មហ្គេម ប្រសិនបើក្រុមហ៊ុន Microsoft បដិសេធមិនផ្តល់ឱ្យគូរប្រជែងចូលទៅកាន់ហ្គេមដែលលក់ដាច់បំផុតរបស់ Activision។

យ៉ាងណាមិញបន្ទាប់ពីមានការលើកឡើងទាក់ទិននឹងការព្រួយបារម្មណ៍ខាងលើនេះអ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft បានអះអាងថា «យើងបានរៀបចំវិធីសាស្រ្តក្នុងការដោះស្រាយកង្វល់របស់និយតករ រួមទាំង FTC និង ក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀតដើម្បីធានាឱ្យកិច្ចព្រមព្រៀងនេះបិទបញ្ចប់ដោយទំនុកចិត្ត»។ លើសពីនេះទៅទៀត Microsoft បានគូសបញ្ជាក់ថា «ប្រសិនបើខ្លួនអាចឈានដល់ការបិទបញ្ចប់កិច្ចព្រមព្រៀងជាមួយនឹង Activision នោះ ការរួមបញ្ចូលគ្នានេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកលេងហ្គេម និង Developer រួមទាំងធ្វើឱ្យឧស្សាហកម្មមួយនេះកាន់តែឈានមុខគេថែមទៀតផង»៕