(កាតា)៖​ ថ្នាំជក់បារីអេឡិចត្រូនិក (វេប) និងគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលប្រារព្ធនៅប្រទេសកាតា​ នាឆ្នាំ២០២២នេះ។ នេះបើយោងតាម Page ផ្លូវការរបស់អង្គការសុខភាពពិភពលោក​ World Health​ Organization ( https://bit.ly/3U4TVS3 )​។

ប្រភពដដែលបានឱ្យដឹងទៀតថា​ ការអនុវត្តកីឡាគ្មានផ្សែងបារី វិធានការថ្នាំជក់ និងគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ គឺជាគោលដៅភាពជាដៃគូពិសេសរវាង សហព័ន្ធបាល់ទាត់ FIFA រដ្ឋាភិបាលប្រទេសកាតា និងអង្គការសុខភាពពិភពលោក ដើម្បីធានាថា អ្នកគាំទ្រទាំងអស់អាចរីករាយជាមួយខ្យល់អាកាសគ្មានផ្សែងថ្នាំជក់ និងបរិយាកាសល្អដែលមិនបង្កដោយការប្រើប្រាស់គ្រឿងស្រវឹង ក៏ដូចជាធានាឱ្យព្រឹត្តិការណ៍មួយនេះប្រកបដោយសុខុមាលភាពល្អនិងសុវត្ថិភាព។

វិធានការហាមឃាត់ខាងលើនេះគឺស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក​ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានគោលបំណងការពាសិទ្ធិរបស់មនុស្សក្នងការដកដង្ហើមខ្យល់ស្អាត គ្មានការបំពុលដោយសារធាតុបង្កមហារីក សារធាតុគ្រោះថ្នាក់ផ្សេងៗ។

យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងដែរថា ថ្នាំជក់នៅតែជាការគំរាមកំហែងដល់សុខភាពសាធារណៈដ៏ធំបំផុតដែលបានសម្លាប់មនុស្សជុំវិញពិភពលោក 7លាននាក់ក្នុងមួយឆ្នាំពីការប្រើប្រាស់ថ្នាំជក់ដោយផ្ទាល់ និង 1.2 លាននាក់ទៀត ពីផលប៉ះពាល់នៃផ្សែងថ្នាំជក់។ អ្នករៀបចំការប្រកួតបានចាត់វិធានការជាគោលដៅដើម្បីធានាថា អ្នកគាំទ្រអាចរីករាយនឹងការប្រកួតដោយមិនប៉ះពាល់នឹងផ្សែងថ្នាំជក់ និងសកម្មភាពអវិជ្ជមានផ្សេងៗពីការប្រើប្រាស់គ្រឿងស្រវឹង។

លោក Vinayak Prasad ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្តីពីការគ្រប់គ្រងថ្នាំជក់បានឱ្យដឹងថា​ ការហាមឃាត់ការប្រើប្រាស់ ការលក់ និងការផ្សព្វផ្សាយផលិតផលថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡា នៅតែជាជំហានសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ និងជំងឺដែលទាក់ទងនឹងថ្នាំជក់។​ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដែលត្រូវបានប្រារព្ធឡើងនៅប្រទេសកាតាក្នុងឆ្នាំ 2022 ផ្តល់នូវឱកាសដ៏មានឥទ្ធិពលមួយដើម្បីទទួលយកកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងថ្នាំជក់ជាសកលទៅកាន់កម្រិតថ្មីមួយ។

ចំណែកគ្រឿងស្រវឹងវិញ ប្រធាន FIFA លោក GIANNI INFANTINO បានឱ្យដឹងដែរថា​ ការហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិវេណកីឡាដ្ឋានមិនមែនមានតែនៅប្រទេសកាតាប៉ុណ្ណោះទេ នៅប្រទេសបារាំង ព័រទុយហ្គាល់ អេស្ប៉ាញ ស្កុតឡេន សុទ្ធតែមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិវេណកីឡាដ្ឋាន​។ លោកបានបញ្ជាក់ថា ប្រសិនបើអ្នកមិនផឹកគ្រឿងស្រវឹងរយៈពេល៣ម៉ោង អ្នកនៅតែរស់៕