(ព្រះសីហនុ)៖ ការប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ បានចាប់ផ្ដើមហើយ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ដោយមានការកីឡាករ២៥នាក់ចូលរួមប្រកួតដណ្ដើមមេដាយ ជូនរាជធានី-ខេត្ត និងអង្គភាពរបស់ខ្លួន។

ពិធីបើកនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសនោះ លោក ណុះ ស្លេះ បានលើកឡើងថា តាមរយៈការរៀបចំពិធីនេះនៅក្នុងខេត្តព្រះសីហនុ ត្រូវបានបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិការផ្សព្វផ្សាយ យ៉ាងទូលំទូលាយអំពីសក្តានុពលរបស់ខេត្ត រួមទាំងឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោក កោះតូច-ធំ កំពង់ផែអន្តរជាតិអាកាសយានដ្ឋានអន្តរជាតិ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងធនធានធម្មជាតិដ៏សម្បូរបែបផ្សេងៗទៀត។

ជាពិសេសផ្លូវល្បឿនលឿន ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងទាំង ៣៧ខ្សែ បន្ទប់ទឹកសាធារណៈ និងសមិទ្ធផលនានាជាច្រើនទៀត ដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចសង្គម ធុរកិច្ច ពាណិជ្ជកម្មឧស្សាហកម្ម និងទេសចរណ៍នៅខេត្តព្រះសីហនុទាំងមូល និងបានជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

លោក ណុះ ស្លេះ បានលើទឹកចិត្តដល់កីឡាករ កីឡាការនីទាំងអស់ ដែលចូលរួមប្រកួតត្រូវមានស្មារតី ក្នុងមានចិត្តជាកីឡាករយ៉ាងពិតប្រាកដ ដោយស្ម័គ្រចិត្តទទួលយកនូវលទ្ធផលចាញ់-ឈ្នះ ដែលជាធាតុដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព និងបានធ្វើឲ្យដំណើរការនៃការប្រកួតកាន់តែមានភាពសុក្រឹត និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលយើងទាំងអស់គ្នាអាចទទួលយកបាន។

ជាមួយគ្នានេះ លោក ឯក ភាព បានឲ្យដឹងថា កីឡាករជម្រើសជាតិកម្ពុជា និងថ្នាល អញ្ជើញមកពី៧រាជធានី-ខេត្ត និងក្រសួង ដែលចូលរួមការប្រកួតមាន៥វិញ្ញាសារ គណៈកម្មការបច្ចេកទេសថ្នាក់ជាតិ ៣៥នាក់ ក្នុងនោះមានគណៈកម្មការអន្តរជាតិ៦នាក់។ កន្លែងស្នាក់នៅ និងហូបចុករបស់គណៈកម្មការ ប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាការិនី ជាបន្ទុករបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកថា ការរៀបចំព្រឹត្តិការណ៍បានការសហការដោយ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានកងទ័ពជើងទឹកខេត្ត រដ្ឋបាលខេត្តកោះកុង និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ៖
*ទី១៖ វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣
*ទី២៖ វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំ ព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធ ត្រៀមធ្វើជាម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣
*ទី៣៖ ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ជាពិសេសបង្ហាញពីការចាប់ផ្ដើមស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្នុង និងក្រោយស្ថានភាពវិបត្តិជំងឺកូវីដ១៩៕