(អាមេរិក)៖ អ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតួអង្គសំខាន់ក្នុងរឿង «Spider-Man: Homecoming» គឺ Zendaya និង លោក Tom Holland បង្ហើបពីគម្រោងនាថ្ងៃអនាគតរបស់អ្នកទាំងពីរ។ ការបង្ហើបនេះ គឺបន្ទាប់ពីទំនាក់ទំនងរបស់ពួកគេ បានបង្ហាញជាសាធារណៈ ខណៈអ្នកទាំងពីរបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាអំឡុងពេលថតរឿង «Spider-Man: Homecoming»។

តាមការចេញផ្សាយរបស់សារព័ត៌មាន US Magazine បានឲ្យដឹងថា មានប្រភពច្បាស់ការណ៍បានលើកឡើង ថាតារាល្បីទាំងពីរនាក់ កំពុងតែស្ថិតក្នុងគម្រោងពិសេស ពោលគឺគ្រោងរៀបការជាមួយគ្នានាពេលខាងមុខ។ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ក្នុង​ការថតរឿង «Spider-Man: Homecoming» ក្នុង​ឆ្នាំ២០១៦។ រហូតដល់ ភាពយន្តមួយនេះ ដាក់បញ្ចាំងគ្រប់ភាពយន្ដទូរទាំងប្រទេសកាលពីឆ្នាំ ២០២១ ក៏ជាពេលវេលាដែលអ្នកទាំងពីរបង្ហាញទំនាក់ទំនងស្នេហាជាផ្លូវការផងដែរ។

កន្លងទៅលោក Holland ធ្លាប់ប្រាប់ GQ ថា អ្នកទាំងពីរចូលចិត្តរក្សាភាពឯកជន។ លោកបានលើកឡើងថា «គុណវិបត្តិមួយនៃកិត្តិនាមរបស់យើងគឺថា ភាពឯកជនគឺពិតជាមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង ហើយពេលដែលអ្នកគិតថារវាងមនុស្សពីរនាក់ដែលស្រលាញ់គ្នាខ្លាំងណាស់ ឥឡូវនេះគឺជាពេលមួយដែលត្រូវបានចែករំលែកជាមួយ ពិភពលោកទាំងមូល»