(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA First international School) ដែលមានសិស្សឆ្នើមកម្រិតអន្តរជាតិចំនួន៤នាក់ ទៅប្រកួតនៅសហរដ្ឋអាមេរិក បានទទួលជោគជ័យ និងទទួលបានមេដាយមាស និងប្រាក់ជាច្រើនគ្រឿង។

សាលាពិតជាមានសេចក្ដីរំភើបរីករាយ និងសូមចូលរួមអបអរសាទរសិស្សឆ្នើមទាំង០៤រូប នៃវិទ្យាល័យអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលបានជាប់ក្នុងបញ្ជីសិស្សឆ្នើម១០០នាក់ ក្នុងចំណោមសិស្សជាង១៥០០នាក់ មកពីជុំវិញពិភពលោកលើវិញ្ញាសាការតស៊ូមតិ និងបានទទួលមេដាយមាស និងមេដាយប្រាក់ជាច្រើនគ្រឿង ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បញ្ញាវ័ន្តពិភពលោក (World Scholar’s Cup)នៅសាកលវិទ្យា ល័យយ៉េល សហរដ្ឋអាមេរិក។

សិស្សឆ្នើមកម្រិតសកលគឺ៖

១៖ យុវសិស្ស ធន់ សុគន្ធភ្លីនដឺ ទទួលបានមេដាយមាសចំនួន៣ គ្រឿង លើវិញ្ញាសាការតស៊ូមតិ វិញ្ញាសាប្រកួតជាក្រុមលើចំណេះដឹងទូទៅ និងវិញ្ញាសាសរសេរអត្ថបទជាក្រុម ព្រមទាំងមេដាយប្រាក់ចំនួន៤គ្រឿងលើ វិញ្ញាសាចំណេះដឹងមុខវិជ្ជាវិទ្យាសាស្ត្រ វិញ្ញាសាសរសេរអត្ថបទ និងវិញ្ញាសាការតស៊ូមតិជាក្រុម។ ភ្លីនដឺក៏បានជាប់ ក្នុងបញ្ជីសិស្សឆ្នើម១០០នាក់ ក្នុងចំណោមសិស្សជាង ១៥០០នាក់ មកពីជុំវិញពិភពលោកលើវិញ្ញាសាការតស៊ូមតិផងដែរ។

២៖ យុវសិស្ស ទីវ សុភ័ក្ត្រនីកា ទទួលបានមេដាយមាសចំនួន ១ គ្រឿង លើវិញ្ញាសាការតស៊ូមតិជាក្រុម និងមេដាយប្រាក់ចំនួន ២ គ្រឿងលើវិញ្ញាសាសរសេរអត្ថបទជាក្រុម និងលើវិញ្ញាសាប្រកួតជាក្រុមលើចំណេះដឹងទូទៅ។

៣៖ យុវសិស្ស ជួរ គឹមលី ទទួលបានមេដាយមាសចំនួន ១គ្រឿង លើវិញ្ញាសាសរសេរអត្ថបទ និងមេដាយប្រាក់ ចំនួន ៣គ្រឿង លើវិញ្ញាសាសរសេរអត្ថបទជាក្រុម វិញ្ញាសាប្រកួតជាក្រុមលើចំណេះដឹងទូទៅ និងលើវិញ្ញសាការតស៊ូមតិជាក្រុម។

៤៖ យុវសិស្ស ឡុង ស៊ីងហួ ទទួលបានមេដាយប្រាក់ចំនួន ៣គ្រឿង លើវិញ្ញាសាសរសេរអត្ថបទសម្រាប់ម្នាក់ៗ វិញ្ញាសាសរសេរអត្ថបទជាក្រុម និងលើវិញ្ញាសាប្រកួតជាក្រុមលើចំណេះដឹងទូទៅ។

នេះជាជោគជ័យថ្មីមួយបន្ថែមទៀត សម្រាប់ប្អូនៗសិស្សានុសិស្ស ហើយក៏ជាមោទនភាពដ៏ខ្ពង់ខ្ពស់ផងដែរសម្រាប់មាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍សាលា និងប្រទេសជាតិយើងទាំងមូល ដែលប្អូនៗសិស្សានុសិស្សរបស់យើង មិនត្រឹមតែទទួលបានឱកាសចូលរួមក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានជោគជ័យដ៏ត្រចះត្រចង់ទៀតផង។

សាលា CIA First international School សូមរំលឹកជូនថាសិស្សានុសិស្សទាំង៤រូបខាងលើនេះ បានចូលរួមវគ្គជម្រុះតាមតំបន់ Regional Round នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៤ ខែសីហា និងវគ្គ Global Round នៅទីក្រុងបាំងកក កាលពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ។ ពួកគេបានធ្វើដំណើរចាកចេញពីកម្ពុជាកាលពីថ្ងៃទី៦ និងទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Tournament of Champions នៅសាកលវិទ្យាល័យយ៉េល សហរដ្ឋ អាមេរិកដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅនេះ។

សាលាសង្ឃឹមនិងជឿជាក់ថា សាលានឹងបណ្តុះសិស្សកម្ពុជាកម្រិតសកលជាច្រើននាក់ទៀត ដើម្បីចូលរួមប្រកួតប្រជែង សមត្ថភាពកម្រិតជាតិ កម្រិតតំបន់ និងកម្រិតពិភពលោកនាឆ្នាំសិក្សាបន្តបន្ទាប់ទៀត៕