(ដូហា)៖ ក្រុមខ្លាំងៗមានដូចជា ប្រេស៊ីល ព័រទុយហ្គាល់ និងស្វីស សុទ្ធតែរកបាន ៣ពិន្ទុដូចគ្នានៅថ្ងៃបញ្ចប់ជុំទី១ នៃវគ្គសន្សំពិន្ទុតាមពូល លើកលែងតែអ៊ុយរ៉ាហ្គាយមួយគត់ ដែលបានតែ ១ពិន្ទុពេលលេងស្មើជាមួយកូរ៉េខាងត្បូងនៅ FIFA World Cup 2022 ក្នុងប្រទេសកាតា។

ស្វីស យកបាន ៣ពិន្ទុពីកាមេរូនតាមរយៈលទ្ធផលឈ្នះ ១ទល់នឹង០ នាក្បាលព្រលប់ថ្ងៃព្រហស្បតិ៍ ទី២៤ នៃការប្រកួតសន្សំពិន្ទុប្រចាំពូល G នៅមុនពេលសាំបាប្រេស៊ីល ដែលធ្លាប់ឈ្នះពាន World Cup ៥សម័យកាលច្រើនជាងគេនោះ បំបាក់គូប្រជែងស៊ែប៊ី ២-០ លេងក្រោយគេនាម៉ោង ២យប់រំលអាធ្រាត្រ ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុជុំទី១ ទាំង ៣២ប្រទេសចូលរួម។

ចំណែកឯ ២ប្រកួតក្នុងពូល H ចុងក្រោយគេវិញ គឺក្រុមមកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយមិនអាចធ្វើអ្វីកូរ៉េខាងត្បូង បានទេ បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុប៉ុណ្ណោះពីការប្រកួតស្មើគ្នា ០-០ នៅមុនពេលក្រុមពុំទាន់ស្គាល់ពាន World Cup ព័រទុយហ្គាល់វិញ យកបាន ៣ពិន្ទុ ក្នុងការឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្ន តាមរយៈយកឈ្នះហ្គាណា ៣ទល់នឹង២ នាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)។

នេះមានន័យថា World Cup លើកទី២២ ឆ្នាំ២០២២ នៅប្រទេសកាតាបានដំណើរការ ១៦ប្រកួតមកហើយនៃវគ្គសន្សំពិន្ទុតាមពូល ក្រោយបើកសម្ពោធប្រកួតផ្លូវការតាំងពីរាត្រីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកាមក៕