(ដូហា)៖ ៤ប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមដំណើរការសម្រាប់ជុំទី២ នៃវគ្គសន្សំពិន្ទុតាមពូលនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅពេលម្ចាស់ផ្ទះកាតាត្រូវការ ៣ពិន្ទុដាច់ខាតពីសេណេហ្គាល់ ដើម្បីមានឱកាសប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុម។

១ប្រកួតនាម៉ោង ៥ល្ងាចថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងជម្រើសជាតិវេលស៍ ប៉ះអ៉ីរ៉ង់ ដែលជាការប្រកួតជុំទី២ ប្រចាំពូល B ក្រោយពេលប្រកួតបើកឆាកវេលស៍ស្មើជាមួយអាមេរិក ១-១ គ្រាដែលគូប្រជែងអ៉ីរ៉ង់វិញចាញ់អង់គ្លេស ៦ទល់នឹង២។ ១ប្រកួតទៀតក្នុងពូលនេះដដែល គឺជាការជួបគ្នារវាងតោកំណាចអង់គ្លេស ប៉ះសហរដ្ឋអាមេរិក នាម៉ោង ២យប់រំលងអាធ្រាត្រ។

ចំណែកឯ ២ប្រកួតក្នុងពូល A ដំបូងគេវិញ គឺជាការជួបគ្នារវាងម្ចាស់ផ្ទះកាតា និងសេណេហ្គាល់នាម៉ោង ៨យប់ នៅមុនពេលក្រុមជម្រើសជាតិទឹកក្រូចហូឡង់ ប៉ះអេក្វាឌ័រចាប់ផ្តើមម៉ោង ១១យប់។

ហូឡង់ និងអេក្វាឌ័រ សុទ្ធតែមាន ៣ពិន្ទុក្នុងដៃដូចគ្នា ក្រោយពេលឈ្នះគូប្រកួតនៅថ្ងៃបើកឆាក ជាមួយនឹងក្តីសង្ឃឹមច្រើនផងដែរក្នុងការឡើងទៅវគ្គ ១៦ប្រកួតចុងក្រោយ ប្រសិនបើធ្វើបានល្អក្នុងប្រកួតទី២ នៅរាត្រីនេះ៕