(បរទេស)៖ ខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទំនងជាលែងសូវជួបឧបសគ្គកង្វះខាតដូចមុនទៀតហើយ ដោយពេលថ្មីៗនេះ បណ្តាប្រទេសសហភាពអឺរ៉ុបទើបតែសម្រេចយល់ព្រមលើផែនការចំនួន ៤៦.៦ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការផលិតបន្ទះឈីប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសប្រមាណ ២៧នៅក្នុងសហភាពអឺរ៉ុប ដែលទទួលបានការឧបត្ថមធនពីរដ្ឋក្នុងដំណើរការផលិតឈីប រួមជាមួយនឹងការបោះជំហានទៅមុខកាន់តែខិតទៅជិតគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផលិតឈីបអាមេរិក និងអាស៊ី។

ជុំវិញការផ្តល់មូលនិធិផលិតបន្ទះឈីបនេះ គណៈកម្មការអឺរ៉ុបសង្ឃឹមថា ជំនួយរបស់រដ្ឋនឹងជួយឱ្យបណ្តាលប្រទេសសមាជិករបស់ខ្លួន សម្រេចបាននូវចំណែក ២០ភាគនៃសមត្ថភាពបន្ទះឈីបសកលគិតត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។ ខណៈការសម្រេចផ្តល់មូលនិធិក្នុងចំនួនដ៏ច្រើននេះត្រូវគេឱ្យដឹងថា បន្ទាប់ពីកង្វះខាតបន្ទះឈីបសកល និងការកកស្ទះខ្សែសង្វាក់ផ្គត់ផ្គង់បានប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ត សេវាថែទាំសុខភាពនិង ប្រតិបត្តិករទូរគមនាគមន៍ទើបសម្រេចឱ្យសហភាពអឺរ៉ុបគិតគូរលើគម្រោងនេះ។

ប្រភពដដែលបានបន្ថែមទៀតថា ក្នុងមូលនិធិនេះរដ្ឋមន្ត្រីសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នានៅថ្ងៃទី០១ ខែធ្នូ ដើម្បីបញ្ចប់ផែនការបន្ទះឈីប ប៉ុន្តែនឹងនៅតែត្រូវពិភាក្សាជាមួយសភាអឺរ៉ុបបន្តទៀតនៅឆ្នាំក្រោយ មុនពេលដែលវាអាចក្លាយជាច្បាប់៕